កំពង់ធំ÷ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អញ្ជើញជាអធិបតីភាព ពិធីអបអរសាទរទិវាជាតិក្រុងស្អាតលើកទី១០ ឆ្នាំ២០២២ ក្រោមប្រធានបទ (ទីក្រុងស្អាត៖ គាំទ្រការបើកទេសចរណ៍កម្ពុជា)និងមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវ អភិបាលរងខេត្ត ប្រធានមន្ទីរជុំវិញខេត្តកងកំលាំងទាំងបី មន្ត្រីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅព្រឹកថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២២ នៅសួនច្បារ មាត់ស្ទឹងសែន ខេត្តកំពង់ធំ។
ថ្លែងក្នុងកម្មវិធីនេះឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំបានមានប្រសាសន៍ ការផ្លាស់ប្ដូរចំណង់ចំណូលចិត្តរបស់អ្នកទេសចរណ៍ ឱ្យងាកទៅរកការដើរកម្សាន្តតាមតំបន់ជនបទ សហគមន៍ទេសចរណ៍ តំបន់អេកូទេសចរណ៍ និងតំបន់ធម្មជាតិនានាកាន់តែខ្លាំងឡើងៗ។ ដើម្បីឲ្យវិស័យទេចរណ៍ក្លាយជាចលករមួយកាន់តែមានប្រសិទ្ធភាព ចូលរួមធ្វើឱ្យសេដ្ឋកិច្ចជាក្បាលម៉ាស៊ីនបង្កើតការងារដ៏ចម្បង និងមានប្រសិទ្ធភាព មានឥទ្ធិពលខ្ពស់ ជួយទ្រទ្រង់វិស័យផ្សេងៗទៀតនៅតំបន់ជនបទគឺ អាជ្ញាធរពាក់ព័ន្ធនានាត្រូវកំណត់យកវិស័យទេសចរណ៍ជាសសរស្ដម្ភយុទ្ធសាស្ត្រមួយ ក្នុងគោលនយោបាយអភិវឌ្ឍន៍ជនបទដែលត្រូវមានផែនការអភិវឌ្ឍជាក់លាក់ស្របតាមសក្តានុពលទេសចរណ៍នៃតំបន់នីមួយៗ។ ការអភិវឌ្ឍជំនាញ និងការអប់រំជាគន្លឹះនៃការអភិវឌ្ឍទេសចរណ៍ជនបទ និងផ្សព្វផ្សាយផលិតផលទេសចរណ៍ថ្មីៗស្របតាមបរិបទ នៃវិស័យទេសចរណ៍ឌីជីថល និងនិន្នាការទីផ្សារទេសចរណ៍។ ការដើរកំសាន្តជាការស្វែងរកបទពិសោធក្នុងការអភិវឌ្ឍន៍ទេសចរណ៍ជនបទគឺជាឱកាសនៃការស្រាវជ្រាវចងក្រង នូវគុណតម្លៃ វប្បធម៌ប្រពៃណីទំនៀមទម្លាប់ដើម្បីបង្ហាញពីបទពិសោធន៍ល្អៗ។
លើសពីនេះទៀតឯកឧត្តម ងួន រតនៈ បានជំរុញឲ្យអាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ បន្តតាមដាននូវស្ថានភាពជំងឺអូមីក្រុងបន្តទៀត ដើម្បីងាយស្រួលក្នុងការត្រៀមខ្លួន ព្យាបាល និងផ្សព្វផ្សាយបន្ថែមទៀតតាមការណែនាំរបស់ក្រសួងសុខាភិបាលចុះជួយបងប្អូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ។ សូមឱ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការទុកដាក់សំរាមឲ្យមានសណ្ដាប់ធ្នាប់ ពិសេសទុកដាក់ទៅតាមប្រភេទនៃសំរាមនីមួយៗ ដើម្បីឱ្យទីក្រុងមានសោភ័ណភាពល្អស្រស់បំព្រង។