(សហការី)
ព្រៃវែង៖សមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ជាប្រធានគ្រឹះស្ថានសាខាស្រុកស្វាយអន្ទរ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះថា បន្ទាប់ពីមានករណីមនុស្សស្លាប់នៅចំណុចបន្ទប់ក្នុងគ្រឹះស្ថានវិវឌ្ឍន៍ហ្គោលឌិនហ្វាយនែន សាខាស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ សមត្ថកិច្ចបានបើកការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ យ៉ុម ចន្ថា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិល្ហើយ ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង ជាប្រធានសាខាគ្រឹះស្ថានវិវឌ្ឍន៍ហ្គោលដិន ស្រុកស្វាយអន្ទរដើម្បីធ្វើការសាកសួរ ដោយសង្ស័យថា មូលហេតុមានវិវាទក្នុងការងារនៅក្នុងក្រុមហ៊ុន។
សាកសពឈ្មោះ មុំ ចិន្តា ភេទស្រី អាយុ២៧ឆ្នាំ នៅភូមិ៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ជាបុគ្គលិកសាខាវិវឌ្ឍន៍ហ្គោឌិន ហ្វាយនែន បានរកឃើញ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ហើយសមត្ថកិច្ច ពិនិត្យសាកសព សង្កេតឃើញថាសាកសពដេកផ្ងាក្បាលទៅទិសខាងត្បូង សម្លៀកបំពាក់ជាប់នឹងខ្លួន កដៃទាំង២ មានស្នាមខ្សែរចង កដៃទ្រុឌ ៤កន្លែង កែងដៃទាំង២ មានស្នាមជាំខ្មៅ កែងជើងសង្ខាងដាច់រលាត់ស្បែក។លោក ពៅ ជីវី ស្នងការរងខេត្តព្រៃវែងមានប្រសាសន៍ថា តាមការពិនិត្យកន្លែងកើតហេតុ ការបំភ្លឺរបស់ម្តាយសាកសព និងពិនិត្យសាកសព គឺសាកសពស្លាប់ដោយសារការប្រើកម្លាំងខ្ទុប មុខឱ្យថប់ដង្ហើមដាច់ខ្យល់ស្លាប់ពិតជាករណីឃាតកម្ម។បើតាមសមត្ថកិច្ចបានបង្ហើបឱ្យដឹងថា ក្នុងករណីរហូតឈានទៅដល់ការសម្លាប់ស្ត្រីជាបុគ្គលិកគ្រឹះស្ថានខាងលើនេះ ដោយសារមានវិវាទក្នុងការងារនៅក្នុងក្រុមហ៊ុន ដោយសារប្រធានគ្រឹះស្ថានសាខានេះ បានយកលុយមួយចំនួនទៅលាក់ទុកនៅឯស្រុកកំណើត។តាមចម្លើយសារភាពរបស់ជនសង្ស័យ តាមរយៈសមត្ថកិច្ចធ្វើការសាកសួរជនសង្ស័យក៏បានសារភាពថា ខ្លួនពិតជាបានសម្លាប់ជនរងគ្រោះពិតប្រាកដមែន៕