ឯកឧត្តមបណ្ឌិត កែរ រដ្ឋា ដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុន ម៉ានី បន្តចុះអប់រំផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដើម្បីអោយពួកគាត់យល់ដឹងអោយកាន់តែច្បាស់អំពីវិធានការការពារ និងទប់ស្កាត់ការរីករាលនៃជំងឺកូវីត-១៩ នៅក្នុងសហគមន៍

ដោយ៖ សាយ ហ្គន

ស្វាយរៀង៖នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារគ្រូពេទ្យស័គ្រ្មចិត្តឯកឧត្ដម ហ៊ុន ម៉ានី  ដឹកនាំដោយឯកឧត្តមបណ្ឌិត កែរ  រដ្ឋា  ប្រធានមន្ទីរសុខាភិបាលខេត្ត  និងជាអនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុនម៉ានី បានបន្តចុះអប់រំផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋចំនួន ៣០គ្រួសារ ដែលរស់នៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដើម្បីអោយពួកគាត់យល់ដឹងអោយកាន់តែច្បាស់អំពីវិធានការការពារ និងទប់ស្កាត់ការរីករាលនៃជំងឺកូវីត-១៩ នៅក្នុងសហគមន៍ ។

ការបន្តចុះអប់រំផ្សព្វផ្សាយជូនប្រជាពលរដ្ឋអំពីវិធានការការពារ  និងទប់ស្កាត់ការរីករាលដាលជំងឺកូវីត-១៩  របស់ក្រុមគ្រូពេទ្យស័្មគ្រចិត្តឯកឧត្តម ហ៊ុនម៉ានី មានកិច្ចសហការជាមួយនឹងក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្ត អាជ្ញធរមូលដ្ឋាន  និងក្រុមយុវជនស.ស.យ.ក សង្កាត់ស្វាយរៀង សរុបចំនួន ៣៥នាក់។

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុនម៉ានី ក៏បានណែនាំដល់ប្រជាពលរដ្ឋពីរបៀបលាងដៃនឹងអាល់កុល ឬសាប៊ូ ជាមួយនឹងការបង្រៀនពាក់ម៉ាស ដើម្បីធ្វើយ៉ាងណាការពារ និងទប់ស្កាត់មេរោគកូវីត-១៩ចូលក្នុងខ្លួន រួមជាមួយនឹងវិធីទប់ស្កាត់មេរោគចូលក្នុងខ្លួនមួយចំនួនផ្សេងទៀតផងដែរ។

ក្នុងឱកាសនេះដែរ ក្រុមការងារគ្រូពេទ្យស័្មគ្រចិត្តឯកឧត្តម ហ៊ុនម៉ានី បានផ្តល់អំណោយរបស់ឯកឧត្តម ហ៊ុនម៉ានី ជូនប្រជាពលរដ្ឋចំនួន ៣០នាក់ និងយុវជនស.ស.យ.ក ចំនួន៥នាក់ ក្នុងម្នាក់ៗ ទទួលបាន ម៉ាស់ ១០ សាប៊ូ Protex ១ និងជែលចំនុច២៣០មីលីត្រចំនួន១ដប និងថវិកា ១៥០.០០០៛ ជូន ក្រុមប្រឹក្សាសង្កាត់  និងភូមិមេភ្លើងផងដែរ ។

ឯកឧត្តមបណ្ឌិត កែរ  រដ្ឋា មានប្រសាសន៍ថា ដោយមានការណែនាំពីឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដោយឯកឧត្តមរដ្ឋមន្រ្តីសង្កេតឃើញថា បច្ចុប្បន្ននេះប្រជាពលរដ្ឋមួយចំនួនភ្លេចខ្លួន ដែលឃើញជំងឺកូវីដមានការថយចុះ និងបានចាក់វ៉ាក់សាំងគ្រប់ចំនួនផង ពួកគាត់មិនសូវអនុវត្តនូវវិធានការសុខាភិបាលត្រឹមត្រូវដូចមុនទេ ឯកឧត្តមរដ្ឋមន្ត្រីស្នើអោយ គ្រប់មន្ទីរសុខាភិបាលរាជធានីខេត្ត បន្តចុះអប់រំផ្សព្វផ្សាយអំពីវិធានការការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីត-១៩ ដូចមុន។

អាស្រ័យហេតុនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដម ហ៊ុនម៉ានី សាខាខេត្តស្វាយរៀង បានធ្វើផែនការ ដើម្បីចុះអប់រំផ្សព្វផ្សាយអំពីវិធានការការពារ ទប់ស្កាត់ការរីករាលដាលជំងឺកូវីត-១៩ និងណែនាំដល់ប្រជាពលរដ្ឋពីរបៀបលាងដៃនឹងអាល់កុល ឬសាប៊ូ ជាមួយនឹងការបង្រៀនពាក់ម៉ាស គ្រប់ស្រុកក្រុងក្នុងខេត្តស្វាយរៀង ជាក់ស្តែងកាលពីថ្ងៃសៅរ៍ ទី២៥ កញ្ញា ម្សិលមិញ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុនម៉ានី បានចុះអប់រំផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋចំនួន ៣០គ្រួសារ នៅស្រុករមាសហែក។

ឯកឧត្តមបណ្ឌិត កែរ  រដ្ឋា សំណូមពរដល់ប្រជាពលរដ្ឋថា ស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ កំពុងវាយលុក យើងទាំងអស់គ្នាត្រូវគោរពទៅតាមវិធានការសុខាភិបាល បីការពារ បីកុំ និងពីរចូលរួម ដើម្បីកុំឲ្យឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ និងគ្រួសារ ព្រមទាំងខ្លួនយើងផ្ទាល់ផង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *