បបួលគ្នាទៅរកត្រីឃើញម៉ូតូគេចតទុកចោលទំនងស្ងាត់ លួចជិះមកបញ្ចាំនៅក្រុងប៉ោយប៉ែត ត្រូវអាវុធហត្ថចាប់វាយខ្នោះ

ដោយ៖ សៅ នៅ

បន្ទាយមានជ័យ៖ ជនសង្ស័យ02នាក់ បបួលគ្នាទៅរកត្រីឃើញម៉ូតូគេចតទុកចោល នៅចំណុចផ្លូវវាង នៅក្រុងសិរិសោភ័ណ ទំនងស្ងាត់ លួចជិះមកបញ្ចាំនៅក្រុងប៉ោយប៉ែត ត្រូវអាវុធហត្ថចាប់វាយខ្នោះ បញ្ចូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅរសៀលថ្ងៃទី26 ខែកញ្ញា ឆ្នាំ2021។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា ជនសង្ស័យទាំង02នាក់ 1-ឈ្មោះ កៀន មេសា ភេទប្រុស អាយុ34ឆ្នាំ, 2-ឈ្មោះ ហ៊ឹម រ៉ូហ្សានី ភេទប្រុស អាយុ33ឆ្នាំ ជនជាតិខ្មែរឥស្លាម ជនសង្ស័យទាំង02នាក់ រស់នៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឲ្យដឹងថា ជនសង្ស័យទាំង02នាក់នេះ កាលពីព្រឹកថ្ងៃទី19 ខែកញ្ញា ឆ្នាំ2021 បានលួចម៉ូតូអ្នកស្រុកដែលបានចតចោលនៅផ្លូវវាងក្រុងសិរិសោភ័ណ ខណៈដែលជនសង្ស័យទាំងពីរនាក់នេះ ទៅរកត្រី តែឃើញម៉ូតូជនរងគ្រោះចតចោលក៏លួចយកទៅបញ្ជាំនៅក្រុងប៉ោយប៉ែត តម្លៃ3.000បាត (លុយថៃ) ហើយយកលុយដើរស៊ីចាយអស់តែម្តង។

លោកបញ្ជាក់ថា តាមចម្លើយសារភាពរបស់ជនសង្ស័យ កម្លាំងកងរាជអាវុធហត្ថ ក្រុងសិរិសោភ័ណ សហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ទៅយកម៉ូតូ 01គ្រឿងម៉ាកវេវ ពណ៌ខ្មៅ គ្មានផ្លាកលេខ របស់ជនរងគ្រោះ នៅកន្លែងបញ្ចាំនៅក្រុងប៉ោយប៉ែត រួចប្រគល់ឲ្យម្ចាស់ដើមវិញ។

ចំណែកជនសង្ស័យទាំង02នាក់ ក្រោយពីបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *