ដោយៈ ស៊ឺម ចរិយា
កំពង់ចាម : ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ជំរុញ ដល់មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ឲ្យ ចូលរួមសហការគ្នា ដើម្បី ពង្រឹងការប្រមូលចំណូលលើវិស័យបរិស្ថាន ឲ្យស្របទៅតាមគោលការណ៍ណែនាំរបស់ក្រសួង ដើម្បីបានថវិកាអភិវឌ្ឍក្នុងខេត្ត ។ ការថ្លែងយ៉ាងដូច្នេះក្នុងកិច្ចប្រជុំស្ដីអំពីលទ្ធផលសកម្មភាពការងារទូទៅ និងការប្រមូលចំណូលមិនមែនសារពើពន្ធ របស់មន្ទីរបរិស្ថានខេត្ត នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ។លោក នួន គង់សល្យ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ចាម បានឲ្យដឹងថា ការប្រមូលចំណូលមិនមែនសារពើពន្ធ ជូនថ្នាក់ជាតិ ក៏ដូចជា រដ្ឋបាលខេត្ត តាមរយៈ សេវាសាធារណៈ និងវិភាគទាន របស់មន្ទីរបរិស្ថាន លើអាជីវកម្ម សិប្បកម្ម សហគ្រាស ដែលស្ថិតក្នុងដែនសមត្ថកិច្ច ថ្នាក់រាជធានី-ខេត្ត គឺមន្ទីរ ត្រូវទទួលខុសត្រូវ ប៉ុន្តែ ការអនុវត្តតួនាទីភារកិច្ចទាំងនេះ មន្ទីរបានជួបបញ្ហាប្រឈមមួយចំនួន ដូចជា ៖ ការចូលរួមពីស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុនអាជីវកម្ម និងសាធារណៈជន ជាម្ចាស់អាជីវកម្មមួយចំនួនធំ មិនសហការ និងព្យាយាមគេចវេស ពីការបង់សេវា លើអាជីវកម្មរបស់ខ្លួន ជាដើម ។ ដូច្នេះ តាមរយៈ កិច្ចប្រជុំនេះ នឹងបានជួយសម្របសម្រួល និងសហការ ដើម្បី មន្ទីរ បរិស្ថានយើង បានអនុវត្តតួនាទីភារកិច្ចនេះ ឲ្យទទួលបានលទ្ធផលល្អប្រសើរ ដើម្បី ជាប្រយោជន៍ថវិកា ជូនរដ្ឋបាលខេត្ត និងក្រសួងបរិស្ថាន ក៏ដូចជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផងដែរ ។
ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចាត់ទុកថា វិស័យបរិស្ថាន បានចូលរួមយ៉ាងសកម្ម លើវិស័យមុខងារអនុវត្តក្នុងមូលដ្ឋានស្រុក ក្រុង បានយ៉ាងច្រើន នាពេលកន្លងមក ។ ប៉ុន្តែ មានចំណុចខ្វះខាតមួយចំនួន ដែលត្រូវស្នើសុំ ឲ្យ មានការចូលរួមសហការបន្ថែម ពីសំណាក់អភិបាល និងក្រុមប្រឹក្សា ក្រុង ស្រុក ដើម្បី ឲ្យស្របទៅតាមគោលការណ៍កំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ និងការធ្វើប្រតិភូកម្មមុខងារ របស់ក្រសួងមកឱ្យរដ្ឋបាលក្រុង ស្រុក ដើម្បី អនុវត្ត ។ ទន្ទឹមជាមួយនោះ នាពេលកន្លងមកនេះ វិស័យបរិស្ថាន បានជួបប្រទះនូវបញ្ហាមួយចំនួន ដោយសាររដ្ឋបាល ក្រុង ស្រុកខ្លះ មិនបានអនុវត្ត ឲ្យ បានពេញលេញ ទៅតាមសេចក្តីប្រកាសរួម របស់ក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ។ ដូច្នេះ ធ្វើឲ្យប៉ះពាល់ក្នុងការបាត់បង់ចំណូល សម្រាប់ធ្វើការអភិវឌ្ឍន៍ក្នុងខេត្ត ។ តាមរយៈនេះ សូមឲ្យអាជ្ញាធរក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធ ចូលរួមសហការ ជាមួយមន្ត្រីបរិស្ថាន អនុវត្តឲ្យស្របទៅតាមគោលការណ៍ណែនាំ របស់ក្រសួង ក្នុងការប្រមូលចំណូល មិនមែនសារពើពន្ធនេះ ប្រកបដោយគុណភាព និងប្រសិទ្ធភាព ផងដែរ ៕