ដោយ ៖ នីយ៉ា
ខេត្តប៉ៃលិន ៖ អនុវត្តតាមប្រសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំក្រុមការងាររដ្ឋបាលខេត្ត មន្រ្តីរាជការ មន្ទីរអប់រំខេត្ត មន្ទីរសុខាភិបាល លោកគ្រូ អ្នកគ្រូ អាជ្ញាធរក្រុង ស្រុក ចុះពិនិត្យសាលារៀនមួយចំនួននៅក្នុងក្រុងប៉ៃលិន និង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្រៀមឱ្យសិស្សានុសិស្សចូលរៀននៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានលើកឡើងថា ៖ លោកគ្រូ អ្នកគ្រូត្រូវយកចិត្តទុកដាក់ មើលការខុសត្រូវ លើសិស្សានុសិស្សទាំងអស់នៅតាមសាលារៀងៗខ្លួន ធ្វើយ៉ាងណាកុំឱ្យសាលារៀនដែលបើកបង្រៀនហើយ ត្រូវបិទវិញម្តងទៀត ដោយសារការឆ្លងជំងឺកូវីដ១៩ គឺត្រូវអនុវត្តតាមវិធានការ (៣ការពារ ៣កុំ) របស់ប្រមុខរាជរដ្ឋភិបាល និង ធ្វើតាមការណែនាំនានារបស់ក្រសួងសុខាភិបាល គឺលាងដៃជាមួយទឹកអាល់កុល ឬជែល ត្រូវឱ្យសិស្សពាក់ម៉ាសជាប់ជានិច្ច មិនត្រូវឱ្យចេញលេងជួបជុំគ្នានោះឡើយ ។
លោកជំទាវអភិបាលខេត្ត បានបន្តថា ៖ ចាប់ពីថ្ងៃបើកឱ្យដំណើរការចូលរៀនសារជាថ្មីឡើងវិញ ទាំងសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យជាដើម បើសិនជាលោកគ្រូ អ្នកគ្រូ ឬគណ:គ្រប់ គ្រងនៃសាលារៀនណាមួយនៅទូទាំងខេត្ត ខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួន ដោយរៀបចំកែច្នៃទីធ្លាសាលារៀន ដែលជាសម្បត្តិរដ្ឋ ឱ្យក្លាយទៅជាកន្លែងមានរបៀបរៀបរយល្អ ជាពិសេសមានសោភ័ណភាព ស្រស់ស្អាតជាងគេ ទទួលបានជ័យលាភី ជាប់ចំណាត់ថ្នាក់លេខ១ ទូទាំងខេត្ត នឹងទទួលបានពានរង្វាន់ពីរដ្ឋបាលខេត្ត ចាប់ពី១០ទៅ២០លានរៀល ។ ហើយបើសាលារៀនលើសពីមួយកន្លែង រៀបចំបានស្អាតបាតល្អដូចៗគ្នា ទទួលបានចំណាត់ថ្នាក់លេខ១ដូចគ្នា បានរង្វាន់ដូចៗគ្នាផងដែរ ។
លោកជំទាវក៏បានក្រើនរំលឹកថា មិនត្រូវឱ្យអ្នកគ្រប់គ្រងសាលា កាត់ថវិកាពីលោកគ្រូ អ្នកគ្រូ ដើម្បីយកទៅទិញសម្ភារ:សាលារៀននោះឡើយ បើពិតជាខ្វះខាតមែន អាចទាក់ទងទៅខាងរដ្ឋបាល ខេត្ត នឹងចុះពិនិត្យជាក់ស្តែង អាចជួយឧបត្ថម្ភទាន់ពេលវេលា ។ លើសពីនេះ ល្គិកណា លោកជំទាវ ជាអភិបាលខេត្ត គឺមិនត្រូវឱ្យគណៈគ្រប់គ្រង ឬនាយកសាលាណាមួយ ប្រព្រឹត្តនូវអំពើពុករលួយនោះឡើយ ។
សូមបញ្ជាក់ផងដែរថា ៖បើតាមរបាយការណ៍ លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តប៉ៃលិន បានឲ្យដឹងថា៖ នៅទូទាំងខេត្តប៉ៃលិន មានគ្រឹះស្ថានអប់រំរបស់រដ្ឋមានចំនួន៥៧ កន្លែង ខណៈគ្រឹះស្ថានអប់រំឯកជន មានចំនួន១២កន្លែង ។ ដោយឡែក សម្រាប់ការបើកដំណើរការគ្រឹះស្ថានអប់រំឡើងវិញនេះ មានសាលារៀនមួយចំនួនដូចជា អនុវិទ្យាល័យ និងបឋមសិក្សាបរយ៉ាខា អនុវិទ្យាល័យ និងបឋមសិក្សាប៉ាងរលឹម អនុវិទ្យាល័យ ហ៊ុន សែន អូរដូនតា បឋមសិក្សាដីស បឋមសិក្សាផ្ទះស្បូវ បឋមសិក្សាកូនដំរី ឯសាលាមួយចំនួនទៀតដែលនៅសេសសល់ និងត្រូវសិក្សាពិនិត្យស្ថានភាពជាក់ស្តែងបើកអោយដំណើរការជាបន្តបន្ទាប់ ៕