លោកជំទាវអភិបាលខេត្តចុះពិនិត្យសាលារៀន ដែលត្រូវបើកឱ្យសិស្សចូលរៀនវិញ

ដោយ ៖ នីយ៉ា

ខេត្តប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងម្តងហើយម្តងទៀតតាមសាលារៀននីមួយៗថា ៖ ចាប់ពីថ្ងៃបើកឱ្យដំណើរការចូលរៀនសារជាថ្មីឡើ ងវិញ ទាំងសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យជាដើម បើសិនជាលោកគ្រូ អ្នកគ្រូ ឬគណ:គ្រប់គ្រងនៃសាលារៀនណាមួយនៅទូទាំងខេត្ត ខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួន ដោយរៀបចំកែច្នៃទីធ្លាសាលារៀន ដែលជាសម្បត្តិរដ្ឋ ឱ្យក្លាយទៅជាកន្លែងមានរបៀបរៀបរយល្អ ជាពិសេសមានសោភ័ណភាព ស្រស់ស្អាតជាងគេ ទទួលបានជ័យលាភី ជាប់ចំណាត់ថ្នាក់លេខ១ ទូទាំងខេត្ត នឹងទទួលបានពានរង្វាន់ពីរដ្ឋបាលខេត្ត ចាប់ពី១០ទៅ២០លានរៀល ។ ហើយបើសាលារៀនលើសពីមួយកន្លែង រៀបចំបានស្អាតបាតល្អដូចៗគ្នា ទទួលបានចំណាត់ថ្នាក់លេខ១ដូចគ្នា បានរង្វាន់ដូចៗគ្នាផងដែរ ។

នេះជាការលើកឡើងរបស់លោកជំទាវអភិបាលខេត្តប៉ៃលិន នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ខណ:ពេលកំពុងដឹកនាំក្រុមការងារ មន្រ្តីរាជការ ចុះពិនិត្យសាលាបឋមសិក្សាបរយ៉ាខា អនុវិទ្យាល័យបរយ៉ាខា អនុវិទ្យាល័យភ្នំយ៉ាត សាលាបឋមសិក្សាប៉ាងរលឹមរតន: អនុវិទ្យាល័យប៉ាងរលឹ ម និងសាលារៀនផ្សេងៗ មួយចំនួនទៀត នៅក្នុងក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ត្រៀមឱ្យសិស្សានុសិស្សចូលរៀនឆាប់ៗខាងមុខនេះ ។

លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បន្តទៀតថា ៖ ត្រូវឱ្យលោកគ្រូ អ្នកគ្រូយកចិត្តទុកដាក់ មើលការខុសត្រូវ លើសិស្សានុសិស្សទាំងអស់តាមសាលារៀងៗខ្លួន  ធ្វើយ៉ាងណាកុំឱ្យសាលារៀនដែលបើកបង្រៀនហើយ ត្រូវបិទវិញម្តងទៀត ដោយសារការឆ្លងជំងឺកូវីដ១៩ គឺត្រូវអនុវត្តតាមវិធានការ (៣ការពារ ៣កុំ) របស់ប្រមុខរាជរដ្ឋភិបាល និងធ្វើតាមការណែនាំនានារបស់ក្រសួ ងសុខាភិបាល គឺលាងដៃជាមួយទឹកអាល់កុល ឬជែល ត្រូវឱ្យសិស្សពាក់ម៉ាសជាប់ជានិច្ច មិនត្រូវឱ្យ ចេញលេងជួបជុំគ្នានោះឡើយ ។ បើលោកគ្រូ អ្នកគ្រូពិនិត្យឃើញសិស្សណាម្នាក់ ពាក់ម៉ាសចាស់ដដែលៗ  ត្រូវប្តូរជូនភ្លាម ហើយសាលារៀនណាមួយខ្វះម៉ាស អាចស្នើសុំបន្ថែមទៀត ។ ម្យ៉ាងវិញទៀត លោកគ្រូ អ្នកគ្រូ ត្រូវប្រុងប្រយ័ត្នខ្លួនឯងជាប់ជានិច្ច មិនត្រូវចេញទៅក្រៅ ដោយធ្វេសប្រហែ សនាំឱ្យឆ្លងជំងឺកូវីដ ១៩ រួចបន្តឆ្លងរាលដាលដល់សិស្សក្នុងសាលាបង្កជាបញ្ហានោះឡើយ ។

លោកជំទាវអភិបាលខេត្តបានក្រើនរំលឹកថា មិនត្រូវឱ្យអ្នកគ្រប់គ្រងសាលា កាត់ថវិកាពីលោកគ្រូ អ្នកគ្រូ ដើម្បីយកទៅទិញសម្ភារ:សាលារៀននោះឡើយ បើពិតជាខ្វះខាតមែន អាចទាក់ ទងទៅខាងរដ្ឋបាលខេត្ត ចុះពិនិត្យជាក់ស្តែង អាចជួយឧបត្ថម្ភ ទាន់ពេលវេលា ។ លើសពីនេះ ល្គិកណាលោកជំទាវ ជាអភិបាលខេត្ត គឺមិនត្រូវឱ្យគណគ្រប់គ្រង ឬនាយកសាលាណាមួយប្រព្រឹត្តនូវអំពើពុករលួយនោះឡើយ ។

សូមបញ្ជាក់ផងដែរថា ៖ នៅទូទាំងខេត្តប៉ៃលិន មានគ្រឹះស្ថានអប់រំរបស់រដ្ឋមានចំនួន៥៧  កន្លែង ខណៈគ្រឹះស្ថានអប់រំឯកជន មមានចំនួន១២កន្លែង ។ ដោយឡែក សម្រាប់ការបើកដំណើរការគ្រឹះស្ថានអប់រំឡើងវិញនេះ សាលារៀនមួយចំនួន ដែលត្រូវបានយកធ្វើជាកន្លែងចត្តាឡីស័ក និងកន្លែងព្យាបាលជំងឺកូវីដ-១៩ នោះ អាជ្ញាធរខេត្តប៉ៃលិន ក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ ត្រូវបញ្ជូនអ្នកជំងឺនៅតាមសាលារៀនទាំងនោះ ទៅដាក់ជំនួសនៅមណ្ឌលព្យាបាលផ្សេងវិញ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *