កណ្តាល ៖ មនុស្សប្រុស-ស្រី ៥នាក់ដែលបានទិញគ្រឿងញៀនយកមកលក់បន្ត ម្តងៗពីជាង១ពាន់ដុល្លារទៅជាង៥ពាន់ដុល្លារ ត្រូវបានប៉ូលិសស្រុកពញាឮឃាត់ខ្លួនជាបន្តបន្ទាប់លើ ២ ករណីផ្សេងគ្នា កាលពីថ្ងៃសៅរ៍ ទី១១ ខែកញ្ញាឆ្នាំ២០២១ ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលពួកគេទិញយកមកលក់បន្តម្តងៗពីជាង១ពាន់ដុល្លារទៅជាង៥ពាន់ដុល្លារ។
គោលដៅទី ១-នាវេលាម៉ោង២រសៀលថ្ងៃទី១១កញ្ញាឆ្នាំ២០២១ នៅចំណុចផ្ទះរបស់ឈ្មោះ ឈឺន ផានី ភូមិតាពេទ្យ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ប៉ូលិសបានឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធគ្រឿងញៀន។
ប៉ូលិសនិយាយថា ជនសង្ស័យ៣នាក់រួមមាន ១-ឈ្មោះ ង៉ែត យូឡុង ភេទប្រុស អាយុ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរបើករថយន្ត មានទីលំនៅ ភូមិតាគោ ឃុំជ្រៃលាស់ ស្រុកពញាឮ ជាអ្នកជួញដូរ មានសារធាតុញៀនក្នុងទឹកនោម និង២-ឈ្មោះ ឈឺន ផានី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិតាពេទ្យ ឃុំជ្រៃលាស់ ស្រុកពញាឮ ជាអ្នកប្រើប្រាស់ មានសារធាតុញៀនក្នុងទឹកនោម និង៣-ឈ្មោះ ម៉ៃ គឹមហឿន ហៅរាជ ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត មានទីលំនៅ ភូមិតាពេទ្យ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ជាអ្នកប្រើប្រាស់មានសារធាតុញៀនក្នុងទឹកនោម ។
វត្ថុតាងចាប់យករួមមាន ១-សារធាតុញៀនមេតំហ្វេតាមីន(ice)ចំនួន០៧កញ្ចប់តូចទម្ងន់ ១,១៧ក្រាម , ឧបករណ៍ប្រើប្រាស់សារធាតុញៀនមួយចំនួន ,ទូរសព្ទចំនួន៣គ្រឿង ( ម៉ាក iPhone 6 ចំនួន០១គ្រឿង, ម៉ាកRealmeចំនួន០១ គ្រឿង , ម៉ាកNokia ចុចពិល ចំនួន០១ គ្រឿង )និង៤-ម៉ូតូចំនួន០៣គ្រឿង (១-ម៉ាកHonda PCX ពណ៌ស លាយឈាមជ្រូក ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1FE-9090 , ២-ម៉ាកLet’s ពណ៌ស លាយក្រហម ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1CF-1671 , ៣-ម៉ាក SUZUKI Smash Revo ពណ៌ខ្មៅ ផលិតឆ្នាំ២០០៩ ពាក់ស្លាកលេខ ភ្នំពេញ1AD-1501) ។
គោលដៅទី២-វេលាម៉ោង៣និង៤០នាទីរសៀលនាថ្ងៃដដែល នៅចំណុចផ្ទះជួលរបស់ឈ្មោះ សុខ គឹមសាក់ ភូមិស្លែង ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ប៉ូលិសបានឃាត់ខ្លួនជនសង្ស័យ ០២ នាក់ពាក់ព័ន្ធគ្រឿងញៀន។
ប៉ូលិសនិយាយថា ជនសង្ស័យ៣នាក់រួមមាន ១-ឈ្មោះ សុខលី ឆវ័ន្ត ហៅសាត វណ្ណឌី ហៅអាឌី ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាអ្នកជួញដូរមានសារធាតុញៀនក្នុងទឹកនោម ,ជនសង្ស័យរូបនេះធ្លាប់ជាប់ពន្ធនាគារព្រៃសចំនួន២ឆ្នាំ (២០១៤ ដល់ ២០១៦ )និង២-ឈ្មោះ សុខ គឹមសាក់ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការីនី មានទីលំនៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ភូមិស្លែង ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាលជាអ្នកជួញដូរ,មានសារធាតុញៀនក្នុងទឹកនោម ។វត្ថុតាងចាប់យករួមមាន ១-សារធាតុញៀនមេតំហ្វតាមីន(ice) ចំនួន៩កញ្ចប់ (ធំ៦កញ្ចប់ , តូច៣កញ្ចប់ )ទម្ងន់៦០០,៦៧ក្រាម,២-ទូរសព្ទចំនួន២គ្រឿង ( ម៉ាកNokia ចុចពិល និង ម៉ាក IPad )និង៣-ម៉ូតូចំនួន ០២ គ្រឿង ( ម៉ាក PCX ពណ៌ស ផលិតឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1CK-1311 និង ម៉ាកHonda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ ពាក់ស្លាកលេខ ភ្នំពេញ1IS-9402 ។ ជាលទ្ធផលយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ លើជនសង្ស័យទាំង០៥នាក់ អវិជ្ជមាន ( – ) ។
ប៉ូលិសបន្តថា ដំបូងកម្លាំងប៉ូលិសផ្នែកជំនាញ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅចំណុចផ្ទះរបស់ឈ្មោះ ឈឺន ផានី មានការប្រមូលផ្តុំគ្នាធ្វើសកម្មភាពជួញដូរនិងប្រើប្រាស់គ្រឿងញៀន ។ក្រោយពីទទួលបានព័ត៌មានរួចភ្លាម កម្លាំងប៉ូលិសជំនាញបានសហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលជ្រៃលាស់ និង ឈ្វាំង ចុះទៅដល់ចំណុចកើតហេតុឃើញជនសង្ស័យកំពុងជួបជុំគ្នាធ្វើសកម្មភាពជួញដូរគ្រឿងញៀន ក៏បានធ្វើការបង្ក្រាបចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣ នាក់ និងចាប់យកវត្ថុតាងមានក្នុងចំណុចគោលដៅទី១ ខាងលើ ។ប៉ូលិសបន្តថា ផ្តើមចេញពីចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ង៉ែត យូឡុង កម្លាំងប៉ូលិសបានបន្តនីតិវិធីស្រាវជ្រាវ តាមបង្ក្រាបចាប់ឃាត់ខ្លួនបានជនសង្ស័យ២នាក់ទៀត និង ចាប់យកវត្ថុតាង មានដូច ក្នុងចំណុចគោលដៅទី២ ខាងលើ ។ ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ចូនមកកាន់អធិការដ្ឋានស្រុក ដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ង៉ែត យូឡុង បានសារភាពថា« ថ្នាំញៀនដែលខ្លួនយកមកជួញដូរនេះគឺទិញពីឈ្មោះ សុខ គឹមសាក់ ភេទស្រី នៅភូមិស្លែង ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ដោយទិញម្តងៗពី ៣០មុឺនរៀល និង ១០០$ យកមករំលែកលក់បន្ត ពេលដែលលក់អស់ទើបទៅទិញទៀត» ។
ចំណែកជនសង្ស័យឈ្មោះសុខលី ឆវ័ន្ត ហៅ សាត វណ្ណឌី ហៅឌី បានសារភាពនៅចំពោះមុខសមត្ថកិច្ចថា« ថ្នាំញៀនដែលខ្លួនទិញមកនេះគឺក្នុងអំឡុងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ចំនួន១០ដុំ ស្មើនឹង១គីឡូក្រាម តម្លៃ ៥៥០០ដុល្លារ ទិញពីឈ្មោះ ស្រីនាង ភេទស្រី និង ឈ្មោះ វីត ភេទប្រុស នៅខេត្តសៀមរាប ដែលបម្រើការងារតាមក្លឹបកម្សាន្តដោយយកមកលក់ក្នុង ១ដុំ(ប្រហែល១ខាំ) តម្លៃ១៣០០ដុល្លារ ( មួយពាន់បីរយដុល្លា)លក់ឱ្យទៅឈ្មោះ ង៉ែត យូឡុង បានចំនួន៣ទៅ៤លើកមកហើយ។រឹបអូសវត្ថុតាងសរុបសារធាតុញៀនមេតំហ្វេតាមីន(ម៉ាទឹកកក)ចំនួន១៦កញ្ចប់(កញ្ចប់ធំ ០៦,កញ្ចប់តូច១០) ទម្ងន់សរុប ៦០១,៨៤ក្រាម , ទូរសព្ទចម្រុះចំនួន៥គ្រឿង, ម៉ូតូចំនួន៥គ្រឿងនិងឧបករណ៍ប្រើប្រាស់សារធាតុញៀនមួយចំនួន៕ដោយ ភាវុន