ខឹងឪពុកស្តីថាមិនធ្វើការងាររកស៊ី ផ្ទុះកំហឹងទាត់ឪពុកសន្លប់បាត់មាត់ឈឹង ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

បន្ទាយមានជ័យ៖ ខឹងឪពុកស្តីថាមិនធ្វើការងាររកស៊ី កូនប្រុសចិត្តក្តៅផ្ទុះកំហឹងស្ទុះងើបទាត់ឪពុកសន្លប់បាត់មាត់ឈឹង បោកក្បាលនឹងប្រូស៊ីម៉ង់ត៍របស់ធ្ងន់។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង12ថ្ងៃត្រង់ថ្ងៃទី10ខែកញ្ញាឆ្នាំ2021 នៅភូមិកណ្តាល ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា៖ជនរងគ្រោះជាឪពុកបង្កើតឈ្មោះ ព្រំ ភិត ភេទប្រុសអាយុ65ឆ្នាំ ចំណែកជនបង្កត្រូវជាកូនជនរងគ្រោះ ឈ្មោះ ភិត ចាន់ឌី ភេទប្រុសអាយុ36ឆ្នាំ អ្នកទាំងពីរ រស់នៅក្នុងផ្ទះជាមួយគ្នា នៅក្នុងភូមិកើតហេតុខាងលើ។

អ្នកជិតខាងបានប្រាប់សមត្ថកិច្ចថា៖ នៅមុនពេលកើតហេតុជនបង្ក ឈ្មោះ ភិត ចាន់ឌី នេះមិនដែលជួយធ្វើការងារឪពុករបស់ខ្លួននោះទេ ដេកតែចាក់ធុងបាសរំខានគេឯង ដោយឃើញពីទង្វើរបស់កូនខុសគេអ្នកស្រុក ឪពុកបានណែនាំ ក៏កើតជារឿងជម្លោះ កូនស្ទុះងើបទៅទាត់ឪពុកមួយជើង ត្រូវចំឆ្អឹងជំនី បណ្តាលឲ្យដួលបោកក្បាលនឹងប្រូស៊ីម៉ងត៍ពកជញ្ចើមខាងមុខ និងឈឺចុកចាប់ត្រង់ឆ្អឹងជំនី ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗផងដែរ។

នគរបាលបានបញ្ជាក់ថា៖ ជនបង្កជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ធ្លាប់បានយកទៅមណ្ឌលបន្សាបគ្រឿងញៀនចំនួន2ដងរួចមកហើយ តែជននេះមិនកែប្រែ។ ជនបង្កត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍សិង្ហឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ដើម្បីចាត់ការបន្តតាមនិតិវិធី៕ដោយ៖សៅ នៅ

You might like

Leave a Reply

Your email address will not be published. Required fields are marked *