អាវុធហត្ថឃាត់ខ្លួនជនសង្ស័យកាច់កម៉ូតូនៅក្រុងប៉ោយប៉ែតចំនួន02នាក់ បញ្ជូនទៅតុលាការចាត់ការ

បន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនបានជនសង្ស័យចំនួន02នាក់ នៅក្រុងប៉ោយប៉ែត បញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការបន្តតាមនីតិវិធី នៅរសៀលថ្ងៃទី11 ខែកញ្ញា ឆ្នាំ2021។

ជនសង្ស័យកាច់កម៉ូតូទាំង02នាក់ 1.ឈ្មោះ ប លីណា ហៅ សី ភេទប្រុស  អាយុ49ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅមិនច្បាស់លាស់ 2.ឈ្មោះ ពេជ្រ សីហា ហៅ ឆៃ ភេទប្រុស អាយុ34ឆ្នាំ បច្ចុប្បន្នរស់នៅភូមិក្បាលស្ពាន2 សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ លោកបានដឹកនាំកម្លាំងចុះធ្វើប្រតិបត្តិការស្រាវជ្រាវ ឃាត់ខ្លួនបានជនសង្ស័យពីរនាក់ខាងលើ នៅរសៀលថ្ងៃទី09 ខែកញ្ញា ឆ្នាំ2021 នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។

លោកមេញ្ជាការបញ្ជាក់ថា ក្រោយពីសាកសួរចម្លើយរួចជនសង្ស័យបានឆ្លើយសារភាពថា ពួកគេបានប្រកបរបរដើររើសអេតចាយជារៀងរាល់យប់ ហើយនៅថ្ងៃទី08 ខែកញ្ញា ឆ្នាំ2021 ពួកគេបានដើររើសអេតចាយរហូតដល់ម៉ោងជាង12យប់ ស្រាប់តែឃើញម៉ូតូ01គ្រឿងម៉ាកហុងដាឃ្លិច ពណ៌ស ផលិតឆ្នាំ2017 គ្មានផ្លាកលេខ របស់ជនរងគ្រោះចតទុកចោលនៅមុខតូបលក់ដូរ ហើយមានទាំងកូនសោរនៅជាប់នឹងម៉ូតូ ពួកគេក៏នាំគ្នាលួចយកម៉ូតូនោះតែម្ដង ហើយជិះយកទៅដាក់បញ្ចាំឱ្យសន្តិសុខម្នាក់មិនស្គាល់ឈ្មោះ ធ្វើការនៅកាស៊ីណូនាគទិព្ធ បានលុយថៃចំនួន 15,000បាត(មួយម៉ឺនប្រាំពាន់បាត) ហើយនាំគ្នាយកលុយនោះដើរស៊ីចាយអស់។

ក្រោយពីបញ្ជូនទៅជនសង្ស័យទាំងពីរនាក់ ទៅកាន់ទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យលោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ជនសង្ស័យទាំង02នាក់ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់៕ដោយ៖សៅ នៅ

You might like

Leave a Reply

Your email address will not be published. Required fields are marked *