ភ្នំពេញៈ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញសេចក្តីជូនដំណឹងថ្មីមួយ ជូនដល់ម្ចាស់យានយន្តជ្រកក្រោមផ្លាកលេខផ្សេងៗ និងគ្មានពន្ធ និងអាករនាំចូល ពីការអនុវត្តការប្រមូលពន្ធ និងអាករនាំចូល លើយានយន្តគ្មានពន្ធ។ នេះបើតាមសេចក្តីជូនដំណឹងដែល(អង្គភាព គេហទំព័រ សង្គមសន្តិភាព) ទទួលបាននៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានដាក់ចេញគោលការណ៍ និងយន្តការចំនួន ៥ ចំណុចដូចខាងក្រោម៖
១៖ ផ្អាកសកម្មភាពបង្ក្រាបយានយន្ត នៅភូមិសាស្ត្រក្នុងប្រទេសមួយរយៈ (លើកលែងតែតំបន់តាមព្រំដែន) ចាប់ពីពេលនេះតទៅ ដើម្បីទុកពេលឲ្យម្ចាស់យានយន្ត ជ្រកក្រោមផ្លាកលេខផ្សេងៗ និងមិនទាន់មានពន្ធ និងអាករនាំចូល រួសរាន់មកបំពេញកាតព្វកិច្ចពន្ធ និងអាករតាមច្បាប់ជាធរមាន។
២៖ ដើម្បីជាការលើកទឹកចិត្តឲ្យម្ចាស់ យានយន្តចូលខ្លួនមកបំពេញកាតព្វកិច្ចពន្ធ និងអាករឲ្យបានទាន់ពេលវេលាម្ចាស់យានយន្ត នឹងទទួលបានការអនុគ្រោះ បន្ធូរបន្ថយពន្ធចំនួន១០% នៃទឹកប្រាក់ពន្ធអាករសរុបដែលត្រូវបង់។
ការបន្ធូរបន្ថយនេះ មានឱសានវាទអនុវត្តត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងមិនគ្របដណ្តប់លើយានយន្ត មានឆ្នាំផលិត២០២១ឡើយ។ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២២ ដែលជាថ្ងៃឱសានវាទចុងក្រោយ នៃការអនុញ្ញាតឲ្យចូលខ្លួនមកបង់ពន្ធ ម្ចាស់យានយន្តត្រូវបំពេញការព្វកិច្ចពន្ធ និងអាករពេញលេញដោយគ្មានការអនុគ្រោះបន្ទរបន្ថយពន្ធលើពន្ធឡើយ។
៣៖ ចំពោះរថយន្តចង្កូតស្តាំ ម្ចាស់រថយន្តត្រូវមកតម្កល់ប្រាក់កក់ ស្មើនឹងប្រាក់ពន្ធ និងអាករសរុបដក ១០% និងត្រូវយករថយន្តទៅកែចង្កូតពីស្តាំមកឆ្វេង ឲ្យបានរួចរាល់យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ បន្ទាប់ពីបានប្តូរចង្កូតរួច ម្ចាស់រថយន្តអាចទទួលបង្កាន់ដៃពន្ធ និងលត្តាបត្រ័រថយន្តពីមន្ត្រីគយ។
៤៖ អនុញ្ញាតឲ្យសាខា និងការិយាល័យគយ និងរដ្ឋាករនៅទូទាំងប្រទេសទទួលការបង់ពន្ធ និងអាករលើយានយន្ត ជ្រកក្រោមផ្លាកលេខផ្សេងៗ និងមិនទាន់បានបំពេញកាតព្វកិច្ចពន្ធ និងអាករ។
៥៖ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០២២តទៅ យានយន្តគ្មានពន្ធដែលបង្ក្រាបបាន នឹងតម្រូវឲ្យបង់ពន្ធ និងអាកររួមទាំងប្រាក់ពិន័យ តាមលិខិតបទដ្ឋានជាធរមាន ។ ចំពោះរថយន្តចង្កូតស្តាំ ដែលជាប្រភេទរថយន្ត ហាមឃាត់នាំចូល ក្នុងករណីបង្ក្រាបបាននឹងត្រូវកំទេចចោល ឬដោះបំបែកជាគ្រឿងបន្លាស់។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអំពាវនាវដល់ម្ចាស់យានយន្ត គ្មានពន្ធទាំងអស់រួសរាន់ដោយស្ម័គ្រចិត្ត ចូលមកបំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូលឲ្យបានទាន់ពេលវេលា តាមគោលការណ៍ និងយន្តការដូចមានក្នុងសេចក្តីជូនដំណឹងនេះ៕SKS