លោកវរសេនីយ៍ឯកពិសេស លី ជីងហ្វឹង ( LI JINGFENG ) ប្រធានការិយាល័យអនុព័ន្ធ យោធាអមស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា ចូលជួប សម្ដែងការគួរសម និងជម្រាបលាសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងឱកាសដែលរូបលោកត្រូវបញ្ចប់អាណត្តិការទូតយោធានៅកម្ពុជា

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯកពិសេស លី ជីងហ្វឹង ( LI JINGFENG ) ប្រធានការិយាល័យអនុព័ន្ធយោធាអមស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា ចូលជួប សម្ដែងការគួរសម  និងជម្រាបលា ក្នុងឱកាសដែលរូបលោកត្រូវបញ្ចប់អាណត្តិការទូតយោធានៅកម្ពុជា នៅបន្ទប់សវនាការរបស់សម្ដេចពិជ័យសេនា នាអាគារមិត្តភាពនៃទីស្ដីការគណៈរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រុងភ្នំពេញ ។ ក្នុងឱកាសនោះ លោកវរសេនីយ៍ឯកពិសេស  LI JINGFENG បានគួសបញ្ជាក់ជូនសម្តេចពិជ័យថា រយៈពេលនៃការបំពេញបេសកកម្មកាទូតយោធានៅកម្ពុជា លោកមានការចាប់អារម្មណ៍ និងស្រឡាញ់ចំពោះវប្បធម៌ដ៏ល្អរបស់កម្ពុជា និងភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា ។ អនុព័ន្ធយោធាចិន លោកវរសេនីយ៍ឯកពិសេស លី ជីងហ្វឹង ដែលបញ្ចប់អាណត្តិ ក៍បានថ្លែងអំណរគុណចំពោះសម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ គ្រប់ស្ថាប័ន្ត អង្គភាពក្នុងកងយោធពលខេមរភូមិន្ទ ដែលក្នុងអាណត្តិការទូតយោធារបស់លោកនៅកម្ពុជា តែងបានជួយគាំទ្រ និងបង្កលក្ខណៈដល់ការបំពេញបេសកកម្មការទូតយោធារបស់លោកទទួលបានជោគជ័យ ជាពិសេសការសម្របសម្រួលផ្តល់លទ្ធភាពលើកិច្ចសហការនានាជាមួយបណ្តាស្ថាប័ន-កងឯកភាព ចំណុះកងយោធពលខេមរភូមិន្ទលើកគ្រប់វិស័យ ។ ទន្ទឹមគ្នានេះ លោកក៏បានសម្តែងនូវការគោរពកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងគ្រប់គ្រងស្ថានភាពនៃជំងឺកូវីដ-១៩ យ៉ាងមានប្រសិទ្ធភាពស្របទៅតាមដំណាក់កាលវិវត្តនៃសភាពការណ៍ និងបានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់កងយោធពលខេមរភូមិន្ទនៅក្នុងកិច្ចការដ៏មានសារៈសំខាន់ចាំបាច់ចំពោះមុខនេះ ។

ជាការឆ្លើយតប សម្តេចពិជ័យសេនា បានថ្លែងអំណរគុណចំពោះបក្ស រដ្ឋាភិបាល និងកងទ័ពរំដោះប្រជាជនចិន ពិសេសតាមរយ:លោកវរសេនីយ៍ឯកពិសេស លី ជីងហ្វឹង ដែលបានខិតខំប្រឹងប្រែងបំពេញបេសកកម្មការទូតនៅកម្ពុជាប្រកបដោយជោគជ័យក្នុងអាណត្តិការងារកន្លងមក ដោយសម្រេចបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ និងពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការរឹតចំណងមិត្តភាព និងទំនាក់ទំនងរវាងកងទ័ព និងប្រជាជនប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការល្អរវាងយោធា និងយោធា  ។ សម្តេច ក៏បានយកឱកាសនេះសម្តែងនូវការអរគុណជាថ្មីម្តងទៀតផងដែរ ចំពោះមិត្តចិន ដែលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការកសាងស្តា និងអភិវឌ្ឍប្រទេសកម្ពុជា ពិសេសជាងនេះ គឺការផ្ដល់នូវជំនួយដ៏ចាំបាច់និងមានសារៈសំខាន់ទាន់ពេលវេលាបំផុតនៅវ៉ាក់សាំងក្នុងការទប់ស្កាត់ជំងឺឆ្លងដ៏កាចសាហាវបំផុតកូវីដ១៩ ដល់កម្ពុជាមុនគេបង្អស់ ក្នុងរយ:ពេលប៉ុន្មានឆ្នាំកន្លងមកនេះ ។ នឹងជំនួយលើការអភិវឌ្ឍធនធានមនុស្សទាំងក្នុងស្ថាប័នស៊ីវិល និងយោធា ហើយដែលជំនួយក្នុងវិស័យនេះ ក៏បានបន្តមកដល់សព្វថ្ងៃនេះផងដែរ ។ លោកវរសេនីយ៍ឯកពិសេស លី ជីងហ្វឹង ក៍បានជម្រាបជូនសម្ដេចពិជ័យសេនាផងដែរថា បន្ទាប់ពីរូបលោកបញ្ចប់អាណត្តិការទូតយោធានៅកម្ពុជា ប្រមុខការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិន ក៏នឹងចាត់បញ្ជូនបេសកកម្មការទូតយោធាថ្មីដើម្បីបន្តកិច្ចសហប្រតិបត្តិការជាមួយនិងកងយោធពលខេមរភូមិន្ទក្នុងពេលឆាប់ៗដ៏ខ្លីខាងមុខនេះ ។ សម្ដេចពិជ័យសេនា ទៀ បាញ់ បានជូនពរសព្វសាធុការចំពោះលោកវីរៈសេនីយ៍ឯកពិសេស លី ជីងហ្វឹង  ក្រោយពេលបញ្ចប់អាណត្តិការទូតយោធានៅកម្ពុជា វិលទៅកាន់មាតុប្រទេសខ្លួនវិញសូមជួបតែសំណាងល្អ ទទួលភារកិច្ចថ្មី ប្រកបដោយជោគជ័យគ្រប់ពេលវេលាជូនជាតិមាតុភូមិរបស់ខ្លួន ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *