ខេត្តស្វាយរៀង ៖នៅរសៀលថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២១នេះលោក ណុប ចំរើន អភិបាលក្រុងស្វាយរៀងបានប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថាៈ លោកបានចាត់វិធានការណ៍ក្តៅចំពោះក្រុមហ៊ុនជីកនិងដឹកដីចល័តដែលបានដឹកដីបំផ្លាញផ្លូវលំមួយខ្សែប្រវែង៨០០ម៉ែត្រនៅក្នុងសង្កាត់គយត្របែកក្រុងស្វាយរៀងនិងត្រូវធ្វើការជួសជុលថែទាំផ្លូវនោះឡើងវិញដើម្បីឲ្យអ្នកប្រើប្រាស់ផ្លូវក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានធ្វើដំណើរបានស្រួលឡើងវិញខណៈដែលនាពេលថ្មីៗកន្លងទៅនេះរថយន្តដឹកដីទាំងនោះបានសម្រុកដឹកដីឆ្លងកាត់ធ្វើឲ្យខូចផ្លូវអស់ជាអន្លើរៗ។
លោក ស៊ុ សាខន ចៅសង្កាត់គយត្របែកបានមានប្រសាសន៍ឲ្យដឹងផងដែរថាៈ ចំពោះករណីខាងលើនេះផងដែរលោកបានឲ្យភាគីខាងក្រុមហ៊ុនជីកនិងដឹកដីទាំង៣ធ្វើកិច្ចសន្យាជួសជុលផ្លូវឡើងវិញដោយបានចាក់ថ្មបំបែកចំនួន៤ឡានកន្លះដោយមិនឲ្យធ្វើចរាចរណ៍ដឹកដីនៅពេលមានភ្លៀងធ្លាក់នោះទេដែលជាហេតុធ្វើឲ្យផ្លូវឆាប់ខូច។
គួររំលឹកផងដែរថាៈផ្លូវលំមួយខ្សែស្ថិតនៅក្នុងភូមិគយត្របែក សង្កាត់គយ ត្របែក ក្រុងស្វាយរៀង ខេត្ដស្វាយរៀង នាពេលកន្លងមកបានក្លាយទៅជាផ្លូវលំបែកភក់ទឹកដក់ ក្រហេងក្រហូង ពិបាកធ្វើដំណើរ ពេលភ្លៀងមានភ្លៀងម្ដងៗ បែកភក់ មានភាពរអិលពិបាកក្នុងការធ្វើដំណើរ ដោយសារតែក្រុមរថយន្ដដឹកដីជាអ្នកបំផ្លាញ។
ប្រជាពលរដ្ឋដែលរស់នៅសង្កាត់គយត្របែកក៏បានឲ្យដឹងថាៈ កន្លងមកផ្លូវលំមួយខ្សែនេះមានស្ថានភាពល្អស្អាតធម្មតា មិនមានស្ថានភាពដូចសព្វថ្ងៃនេះទេ ទើបតែមួយរយៈពេលចុងក្រោយនេះ ផ្លូវលំមួយខ្សែនេះបានប្រែក្លាយទៅជាផ្លូវបែកភក់ ដក់ទឹក មានជង្ហុកតូច ធំ ក្រហេងក្រហូង ជាហូរហែរ ពិបាកក្នុងការធ្វើដំណើរ ដោយតែក្រុមរថយន្ដដឹកដីសព្វថ្ងៃ៕