ឯកឧត្តម លី ធុច និងម៉ែន វិបុល បញ្ចុះបឋមសីលាសាងសង់អគារគណបក្សប្រជាជនកម្ពុជាសង្កាត់បាវិត

ខេត្តស្វាយរៀង៖ឯកឧត្តម លី ធុច សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយក្រុងបាវិតនិងឯកឧត្តម ម៉ែន វិបុល សមាជិកគណៈកម្មាជិកកណ្តាលនិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២១នេះបានអញ្ជើញជាអធិបតីនៅក្នុងពិធីបញ្ចុះបឋមសីលាសាងសង់អគារថ្មីរបស់គណបក្សប្រជាជនកម្ពុជាសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀង។

អញ្ជើញចូលរួមនៅក្នុងពិធីនេះផងដែររួមមានលោកប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុងបាវិត អស់លោក លោកស្រីជាសមាជិក សមាជិកាគណបក្សក្រុង សង្កាត់ជាច្រើនរូបទៀត។

លោក លឹម សៀងហេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុងបាវិតបានមានប្រសាសន៍ឲ្យដឹងថាៈ អគារថ្មីរបស់គណបក្សប្រជាជនកម្ពុជាសង្កាត់បាវិតដែលត្រូវធ្វើពិធីបញ្ចុះបឋមសីលាសាងសង់នាពេលនេះមានបណ្តោយប្រវែង១៦,១៩ម៉ែត្រទទឹង៨ម៉ែត្រធ្វើអំពីបេតុងប្រក់ក្បឿងមានបំពាក់ ឧបករណ៍ គ្រឿងសំភារៈបរិក្ខា របង ក្លោងទ្វារ របងព័ទ្ធជុំវិញប្រវែង១៩០ម៉ែត្រ ដែលគ្រោងចំណាយថវិកាសាងសង់អស់ថវិកាប្រមាណជាង៨ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

លោកបានឲ្យដឹងទៀតថាៈសមិទ្ធផលថ្មីនេះគឺដើម្បីទុកជាកន្លែងធ្វើការបំរើឲ្យការងារគណបក្សសង្កាត់បាវិតដែលកន្លងមកកន្លែងចាស់ត្រូវបានជំនន់ទឹកភ្លៀងបណ្តាលឲ្យលិចនារដូវវស្សាជាហេតុធ្វើឲ្យជួបការលំបាកចំពោះការប្រារព្ធពិធីផ្សេងៗម្តងៗនាពេលកន្លងមក។

លោក លឹម សៀងហេង បានឲ្យដឹងបន្ថែមទៀតថាៈ ក្នុងនាមរូបលោកក៏ដូចជាថ្នាក់ដឹកនាំនៅក្រុងបាវិតសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង អស់លោក លោកស្រីជាថ្នាក់ដឹកនាំព្រមទាំងសប្បុរសជនទាំងអស់ដែលបានជួយ ឧបត្ថម្ភគាំទ្រទាំងថវិកានិងសំភារៈដើម្បីកសាងនូវសមិទ្ធផលផ្សេងៗនៅក្រុងបាវិតជាពិសេសគឺអគារគណបក្សប្រជាជនកម្ពុជាសង្កាត់បាវិតនាពេលនេះដែលជាសមិទ្ធផលថ្មីមួយទៀតសំរាប់ជាចំណងដៃនិងបំរើឲ្យការងារគណបក្សសង្កាត់បាវិតប្រព្រឹត្តទៅបានដោយរលូន។

You might like

Leave a Reply

Your email address will not be published. Required fields are marked *