ព្រះវិហារៈ ស្ពានដែកបាឡេ១ខ្សែដែលមានប្រវែង២៤ម៉ែត្រស្ថិតក្នុងភូមិចំនួន២ គឺភូមិក្បាលខ្លានិងភូមិក្រពើប្រាំ ក្នុងឃុំភ្នំត្បែងមួយ ស្រុកសង្គមថ្មី ត្រូវបានសាងសង់ថ្មីដើម្បីសម្រួលដល់ការធ្វើដំណើរបស់ប្រជាពលរដ្ឋ។
នេះបើតាមការបញ្ជាក់ របស់លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ញូនខេត្តព្រះវិហារ ដែលលោកបាន ឲ្យដឹងនៅថ្ងៃទី៨ ខែកញ្ញា ឆ្នំា២០២១នេះថា ស្ពានដែកបាឡេ១ខ្សែ ដែលមានប្រវែង២៤ម៉ែត្រ ដែលកំពុងសាងសង់ នៅចំណុចភូមិឃុំនិង ស្រុកខាងលើ នាពេលបច្ចុប្បន្ននេះគឺមិនបានចំណាយថវិការបស់ជាតិនោះឡើយ។
លោកបញ្ជាក់ថា ដែកស្ពានបានពីការឧបត្ថមដោយផ្ទាល់ពីសំណាក់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន ដោយឯកឧត្តមបានឧបត្ថម្ភជាដែកកម្រាលស្ពានទាំងមូល។
សម្រាប់ដែកដែលជាសសរស្ពាននេះ លោកប្រធានមន្ទីរថា ជាការឧបត្ថម្ភរបស់ឯកឧត្តម មាស សុភា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្ម ពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះវិហារនិងឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណអភិបាល ខេត្តព្រះវិហារផ្ទាល់។
លោក សំ លាងទ្រី បានបន្តទៀតថា ចំពោះកម្លាំងពលកម្មនិងជំនាញសាងសង់វិញគឺកម្លាំងពលកម្មនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ជាអ្នកទទួលសាងសង់និងទទួលខុសត្រួវ៕
លោកបញ្ជាក់ថាស្ពានដែកបាឡេ១ខ្សែខាងលើនេះនឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ ហើយពិធី សម្ភោធឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពាន១ខ្សែខាងលើនេះគឺស្ថិតក្រោមអធិបតីភាពរបស់ឯកឧត្តម មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារដោយផ្ទាល់ផងដែរ៕