កំពង់ចាម : ឯកឧត្តមក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយ មន្ត្រី ពាក់ព័ន្ធ និង អាជ្ញាធរមូលដ្ឋាន នាព្រឹក ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១នេះ បាន អញ្ជើញ ចុះពិនិត្យតាមភូមិមួយចំនួន ក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ដើម្បី លេីក គម្រោង ធ្វើការអភិវឌ្ឍ ។
តាមមន្ត្រីរដ្ឋបាល ខេត្តកំពង់ចាម ឲ្យដឹងថា បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេធំ ឯកឧត្តម អភិបាលខេត្ត បានអញ្ជើញចុះពិនិត្យមើល នៅតាមភូមិសាស្ត្រមួយចំនួន ក្នុងសង្កាត់បឹងកុក ជាពិសេស គឺផ្ដោតទៅលើស្ថានភាពផ្លូវ និងប្រព័ន្ធបង្ហូរទឹក ផងដែរ ។
មន្ត្រីដដែលបានឲ្យដឹងទៀតថា ផ្លូវមួយចំនួន ក្នុងសង្កាត់បឹងកុក បច្ចុប្បន្ន កំពុងធ្វើការស្ថាបនា ជាផ្លូវក្រាលបេតុង ដែលមានប្រវែង ប្រមាណជាង ១.៥០០ម៉ែត្រ និងប្រព័ន្ធលូបង្ហូរទឹក ផងដែរ ។ ក្នុងនោះផ្លូវក្រាលបេតុង ១ខ្សែ ប្រវែងជាង ១.៣០០ម៉ែត្រ ទទឹង ៦ម៉ែត្រ និង ១ខ្សែ ទៀត ប្រវែងជាង ២០០ម៉ែត្រ ទទឹង ៥ម៉ែត្រ និងត្រូវស្ថាបនាលូរំដោះទឹក ប្រវែងជាង ១.០០០ម៉ែត្រ និងលូ ដែលត្រូវជួសជុល ប្រវែងជាង ៤០០ម៉ែត្រ ដោយគម្រោងផ្លូវទាំង ២ខ្សែនេះ ប្រើប្រាស់ថវិកា ឆ្នាំ២០២២ របស់រដ្ឋបាល ខេត្តកំពង់ចាម ។
មន្ត្រីរដ្ឋបាលខេត្តបានបន្តថា ទន្ទឹមនិងការអភិវឌ្ឍផ្លូវ និងលូ កំពុងស្ថាបនានេះ ឯកឧត្តម អភិបាលខេត្ត ក៏បានចុះពិនិត្យដោយផ្ទាល់ នឹងមានគម្រោង បន្តស្ថាបនាផ្លូវបេតុង បន្ថែមទៀត នៅក្នុងសង្កាត់បឹងកុក នាពេលខាងមុខនេះ ៕