ខេត្តកំពង់ឆ្នាំងៈឯកឧត្តម ឡុង ឈុនឡៃ ប្រធានគណៈប្រចាំការគណ:អចិន្ត្រៃយ៍គណបក្សខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បាននាំយកកុំព្យូទ័រLaptop ចំនួន ០៩គ្រឿង និងម៉ាស៊ីនPrinter ចំនួន ០៩គ្រឿង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយ:ឯកឧត្តមទេសរដ្ឋមន្ត្រី គុយ សុផល ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង នាំយកមកប្រគល់ជូនក្រុមការងារយុវជនខេត្ត និង ក្រុមការងារយុវជន ក្រុង ស្រុកទាំង៨ក្នុងខេត្ត នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង។
ក្នុងពិធីនោះក៏មានការចូលរួមពី ឯកឧត្តម នន់ យ៉ៅ ប្រធានមន្ទីរបក្សខេត្ត,ឯកឧត្តម សៀត គឹមលៀង សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត ,ឯកឧត្តម ឌឹម ឌន,លោក ងិន ហ៊ុន ,លោក អ៊ូ ជួបកុសល ,លោក ជិន រដ្ឋា សមាជិកអចិន្រ្តៃយ៍គណបក្សខេត្ត ,ឯកឧត្តម ម៉ម ម៉ាល័យ សមាជិកគណបក្សខេត្ត,លោក លៀង ជុំសុបិន្តអនុប្រធានយុវជនគណបក្សខេត្ត ព្រមទាំងមានការចូលរួមពីប្រធានក្រុមការងារយុវជនក្រុង ស្រុកទាំង៨ក្នុងខេត្ត ចូលរួមផងដែរ។
ឯកឧត្តម សៀត គឹមលៀង បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ដែលបានជួយឧបត្ថម្ភនូវកុំព្យុទ័រLaptop ចំនួន ០៩គ្រឿង និងម៉ាស៊ីនPrinter ចំនួន ០៩គ្រឿង ជូនក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត និង ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ក្រុង ស្រុកទាំង៨ក្នុងខេត្តកំពង់ឆ្នាំងសម្រាប់បំរើអោយការងាររដ្ឋបាលរបស់ក្រុមការងារយុវជនគណបក្ស។
ឯកឧត្តមតំណាងអោយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់ខេត្ត ក្រុង ស្រុកទាំង៨ សូមគោរពជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បុត្រាបុត្រីព្រមទាំងចៅៗ សូមមានសុខភាពល្អ ជន្មាយុយឺនយូរដើម្បីបន្តដឹកនាំប្រទេសកម្ពុជា អោយកាន់តែទទួលបានសមិទ្ធផលថ្មីៗថែមទៀត។
ឯកឧត្តមតំណាងអោយយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងក៏បានប្តេជ្ញាគាំទ្របេក្ខភាព សម្ដេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តីអាណត្តិរដ្ឋសភាទី៧ និងគ្រប់អាណត្តិបន្តទៀត។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមឡុង ឈុនឡៃ បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តនិងក្រុងស្រុកទាំង៨ ត្រូវចូលរួមឲ្យបានកាន់តែខ្លាំងក្លា តាមរយៈសកម្មភាពជួយដល់សង្គម ដូចជាសកម្មភាពមនុស្សធម៌ ការងារសង្គម អនាម័យ បរិស្ថាន ការជួបជុំសាសនា និងការកៀរគរកសាងកម្លាំងយុវជនថ្មី ។
ដូចនេះ ក្រុមការងារយុវជនត្រូវបន្តខិតខំយកចិត្តទុកដាក់ក្នុងការគាំទ្រនិងជួយតម្រង់ទិសដល់សកម្មភាពយុវជនយើងឲ្យបានខ្លាំងក្លាថែមទៀត ឆ្លើយតបទៅនឹងគោលការណ៍របស់គណបក្សថ្នាក់ខេត្ត យុវជនគណបក្សថ្នាក់កណ្តាលដែលបានណែនាំកន្លងមក ក្នុងការកសាង ពង្រឹង ពង្រីកនូវកម្លាំង
“យុវជនគណបក្សប្រជាជនកម្ពុជាថ្មី”ទាំងនៅក្នុងប្រព័ន្ធ និងនៅខាងក្រៅប្រព័ន្ធ ធានាឲ្យបានទាំងបរិមាណ គុណភាព ព្រមទាំងសមត្ថភាពចំណេះដឹង ចំណេះធ្វើ ដើម្បីដណ្តើមយកជ័យជម្នះក្នុងការបោះឆ្នោឆ្នាំ២០២២,ឆ្នាំ២០២៣ និងអាណត្តិក្រោយៗទៀត។ជាពិសេសត្រូវបំផុស អប់រំឲ្យប្រជាពលរដ្ឋ មានជំនឿ ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាន និងកំពុងដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងត្រូវថែរក្សា ការពារ ពង្រីកបន្ថែមទៀត នូវរាល់សមិទ្ធផល ការរីកចម្រើនក្នុងសង្គមជាតិ និងនៅមូលដ្ឋាន ក្រុងស្រុកឃុំ សង្កាត់ ភូមិ ក្រោមម្លប់នៃសន្តិភាព និងការអភិវឌ្ឍ។
ឯកឧត្តមឡុង ឈុនឡៃ ក៏បានណែនាំដល់ថ្នាក់ដឹកនាំយុវជនគណបក្សគ្រប់ថ្នាក់ក្នុងខេត្ត ត្រូវបន្តផ្សព្វផ្សាយអោយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ មិនទាន់បានចាក់វ៉ាក់សាំងសូមអោយគាត់រួសរាន់ទៅចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នា អប់រំអោយគាត់យល់ និងចូលរួមអនុវត្តតាមការណែនាំរបស់អាជ្ញាធរ, របស់ក្រសួងសុខាភិបាល និងអនុវត្តអោយបានជាប់ជាប្រចាំនូវអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាលគឺ “៣ការពារ និង៣កុំ “ឱ្យបានខ្ជាប់ខ្ជួន ៕ សុក្ខារិន