ខេត្តប៉ៃលិន ៖ រហូតមកដល់ព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តប៉ៃលិន បានចេញសេចក្តីសម្រេច បើកឱ្យដំណើរការលក់ដូរក្នុងផ្សារសាមគ្គី ហៅប៉ាហ៊ីឡើងវិញហើយ ក្រោយពីបិទផ្សារទាំងមូល អស់រយ:ពេល៣០ថ្ងៃ ដោយសារមានអាជីវករមួយចំនួនឆ្លងជំងឺកូវីដ ១៩ ។ ការបើកឱ្យដំណើរការផ្សារឡើងវិញ គឺបើកតែផ្នែកខាងលើ ខណៈផ្នែកខាងក្រោម ដែលលក់ដូរបន្លែ ត្រី សាច់ កំពុងរៀបចំឱ្យមានរបៀបរៀបរយ ។
គ្រាន់តែឃើញឯកឧត្តម ចេង ញ៉ាន់ អភិបាលរងខេត្ត ដឹកនាំក្រុមការងារ ចុះកាត់ខ្សែពណ៍ក្រហម ដែលចងហ៊ុព័ទ្ធជុំវិញផ្សារចេញភ្លាម អាជីវករម្នាក់ៗ ត្រេកអរសប្បាយចិត្តយ៉ាងខ្លាំង រកអ្វីប្រៀបផ្ទឹមពុំបានឡើយ ដោយអរគុណដល់អាជ្ញាធរម្តងហើយម្តងទៀត ព្រោះត្រូវការលក់ដូរ ដើម្បីបានថវិកាសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងយកទៅសងជំពាក់បំណុលគេផងដែរ ។
បើយោងតាមលិខិតបានឱ្យដឹងថា ៖ ក្នុងការអនុញ្ញាតឱ្យដំណើរការឡើងវិញ រដ្ឋបាលក្រុង ត្រូវដឹកនាំ ការអនុវត្តវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ដើម្បីទបស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ។ ម្យ៉ាងវិញទៀត ត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់លើការពង្រឹងវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ជាពិសេសវិធានការ «៣ការពារ ៣កុំ» របស់រាជរដ្ឋាភិបាលកម្ពុជា និងការអនុវត្តការផាកពិន័យអន្តរការណ៍ចំពោះបុគ្គល មិនគោរពដោយចេតនា នូវវិធានការរដ្ឋបាល ដែលរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត បានដាក់ចេញ ដោយមិនគិតដល់បទល្មើស ព្រហ្មទណ្ឌដទៃទៀតឡើយ ។
ចំណែកឯកឧត្តម ចេញ ញ៉ាន់ អភិបាលរងខេត្តប៉ៃលិន ក្នុងនាមលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានក្រើនរំលឹកដល់អាជីវករទាំងអស់ដែលកំពុងនាំគ្នាបើកតូបលក់ដូរឡើងវិញឱ្យបន្តថែរក្សាអនាម័យ តាមតូបលក់ដូររបស់ខ្លួន ដោយប្រុងប្រយ័ត្ន ត្រូវពាក់ម៉ាស លាងដៃនឹងអាល់កុល ឬជែល និងត្រូវរក្សាគម្លាតសុវត្ថិភាព ដើម្បីកុំឱ្យមានការឆ្លងរាលដាលនៃជំងឺនេះបន្តទៀត ។ ឯកឧត្តម បញ្ជាក់ទៀតថា ការបិទផ្សារបន្តនេះ គឺដោយអាជ្ញាធរខេត្ត ដែលជាអាណាព្យាបាល មានការយកចិត្តទុកដាក់ចំពោះសុខមាលភាពប្រជាពលរដ្ឋទាំងអស់ ដោយធ្វើឡើងដើម្បីពង្រឹង និងអនុវត្តច្បាប់ ហើយរក្សាការពារកុំឱ្យមានការឆ្លងរាលដាល ជំងឺកូវីដ១៩ ក្នុងផ្សារបន្ត ។ លើសពីនេះ រដ្ឋបាលខេត្តបើកឱ្យដំណើរការតូបតែផ្នែកខាងលើ ដែលមានលក់ដូរគ្រឿងក្រអូប សម្លៀកបំពាក់ និងគ្រឿងអលង្ការប៉ុណ្ណោះ ព្រោះមានរបៀបរៀបរយហើយ ។ ចំណែកឯមួយចំហៀងទៀត ដែលអាជីវករលក់ដូរ បន្លែ ត្រី សាច់ គឺមិនទាន់រៀបចំស្អាតបាត ទើបអាជ្ញាធរនឹងបើកឱ្យដំណើរការជាបន្តបន្ទាប់ ។
ចំណែកអាជីវករ ដែលបានបើកតូបឡើងវិញ បាននាំគ្នាត្រេកអរសប្បាយរីករាយ ក៏បានលើកដៃថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត ដែលបានយកចិត្តទុកដាក់ចំពោះសុខភាពពួកគាត់ ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្ត ខណ:មានករណីឆ្លងជំងឺកូវីដ១៩ ។ ពួកគាត់ក៏សូមជូនពរដល់អាជ្ញាធរខេត្តទាំងអស់ ជាពិសេសលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ទទួលបាននូវសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ឈ្នះអស់ជំងឺកូវីដ១៩ ដើម្បីដឹកនាំខេត្តឱ្យមានការរីកចម្រើន ៕ ដោយ ៖ នីយ៉ា