កណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួនក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី០៥ខែកញ្ញាឆ្នាំ២០២១ វេលាម៉ោង២និង៣០នាទីរសៀល នៅចំណុចលើផ្លូវលំទំនប់១៧មេសា ស្ថិតនៅក្នុងភូមិព្រែកថ្មី ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល។
ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ វី ផានិត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកឬស្សី ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល មុខរបរកសិករ។ វត្ថុតាងចាប់យកមាន ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកកចំនួន០១កញ្ចប់តូចនិងម៉ូតូហុងដា គុបមូលចាស់ពណ៌ស្លែ មានស្លាកលេខណ.១២២២ ភ.ព១ ចំនួនមួយគ្រឿង។
ប៉ូលិសបន្តថា កាលពីថ្ងៃទី០៥ខែកញ្ញាឆ្នាំ២០២១ វេលាម៉ោង២និង៣០នាទីរសៀល មានប្រជាពលរដ្ឋល្អបានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិរដ្ឋបាលជ្រោយតាកែវ ថា «មានមុខសញ្ញាកំពុងតែជិះម៉ូតូត្រឡប់មកពីទិញថ្នាំញៀនយកមកប្រើប្រាស់»។
ក្រោយពេលទទួលបានព័ត៌មានភ្លាមកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បានចុះល្បាតពួនស្ទាក់នៅចំណុចកើតហេតុខាងលើក៏បានជួបមុខសញ្ញាជិះម៉ូតូមកដល់បានធ្វើការត្រួតពិនិត្យនិងឆែកឆេររកឃើញមានលាក់ទុកនូវម្សៅក្រាមសថ្លាសង្ស័យជាសារធាតុថ្នាំញៀនម៉ាទឹកកកចំនួន០១កញ្ចប់តូច នៅក្នុងហោប៉ាវខោខាងឆ្វេងរបស់ជនសង្ស័យឈ្មោះ វី ផានិត។
ភ្លាមនោះសមត្ថកិច្ចបានសួរនាំជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ថ្នាំញៀននេះគឺរូបគេបានទំនាក់ទំនងគ្នាទិញពីអ្នកលក់ថ្នាំញៀនម្នាក់ឈ្មោះ គី រ៉ាវី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងភូមិព្រែកតាទៀង ឃុំជ្រោយតាកែវ ស្រុកកោះធំ។
ជនសង្ស័យបន្តថា នៅពេលទៅដល់ឈ្មោះ គី រ៉ាវី គេបានប្រើឱ្យកូនចៅរបស់គេម្នាក់ឈ្មោះ យ៉ន រស់ ភេទប្រុស អាយុ២៩ឆ្នាំ ជាអ្នកជិះម៉ូតូយកថ្នាំញៀនម៉ាទឹកកក០១កញ្ចប់តូចនេះយកមកលក់ឱ្យខ្ញុំក្នុងតម្លៃ បីមុឺនរៀល នៅខាងកើតភូមិព្រែកតាទៀង ឃុំជ្រោយតាកែវ ស្រុកកោះធំ។ក្រោយពេលទិញថ្នាំញៀន បានរួចក៏ជិះម៉ូតូត្រឡប់ទៅផ្ទះវិញស្រាប់តែជួបសមត្ថកិច្ចហើយធ្វើការឃាត់ខ្លួនបានតែម្តងទៅ ៕ដោយ ៖ភាវុន