ចាស់ជរាគ្មានទីពឹង បង្ហាញទឹកមុខសប្បាយរីករាយ ដោយទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិធិចាស់ជរាលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន

ខេត្តប៉ៃលិន ៖ លោកតា លោកយាយ ចាស់ជរាគ្មានទីពឹង និងមានជីវភាពខ្វះខាតនៅទូទាំងខេត្តប៉ៃលិន បាននាំគ្នាសប្បាយរីករាយយ៉ាងខ្លាំង ហើយក៏បានថ្លែងអំណរគុណ និងលើកដៃជូនពរដល់លោ កជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឱ្យមានសុខភាពល្អ កម្លាំងមាំមួន សម្រស់ស្រស់ស្អាត ព្រមទាំងទទួលបានជោគជ័យក្នុងភារកិច្ចការងារផងដែរ ខណ:ពួកគាត់បានមកទទួលមូលនិធិនៅថ្ងៃទី០៥ ខែកញ្ញា  ឆ្នាំ២០២១ ដែលជាមូលនិធិផ្ទាល់របស់លោកជំទាវ បាន ស្រីមុំ ប្រធានមូលនិធិ និងជាអភិបា លខេត្តប៉ៃលិន ។

នៅក្នុងកិច្ចប្រគល់មូលនិធិជូនចាស់ជរាគ្មានទីពឹង លោកជំទាវ បាន ស្រីមុំ ប្រធានមូលនិធិ បានមានប្រសាសន៍នាំមកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន ជូនដល់លោកយាយ លោកតាចាស់ជរាទាំងអស់ ដោយជានិច្ចកាល ឯកឧត្តម តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងនៅទូទាំងខេត្តប៉ៃលិន ។

លោកជំទាវបានបន្តទៀតថា ៖ មូលនិធិនេះ បានបង្កើតឡើងក្នុងគោលបំណង និងទិសដៅជួយ ដល់លោកយាយ លោកតា ចាស់ជរាគ្មានទីពឹង មានជីវភាពខ្សត់ខ្សោយ និងមានអាយុចាប់ពី៧០ឆ្នាំឡើងទៅ ដែលពុំមានលទ្ធភាព អាចចេញទៅប្រកបមុខរបរ ដើម្បីចិញ្ជឹមជីវិតខ្លួនឯងបាន ក៍ដូចជាការជួយលើកកំពស់កម្រិតជីវភាព និងបំប៉នថែទាំសុខភាពពួកគាត់ ដោយមិនប្រកាន់បក្សពួក ឬនិន្នាការនយោបាយអ្វីឡើយ ព្រោះមនុស្សចាស់ គឺមានគុណបំណាច់ធំធេង ក្នុងការជួយបង្រៀនអប់រំ ប្រៀនប្រដៅ ដល់កូនចៅជំនាន់ក្រោយៗ ឲ្យប្រព្រឹត្តិតែអំពើល្អ ជាគំរូដល់ក្មេងជំនាន់ក្រោយ ។

ក្នុងឱកាសនោះដែរ លោកជំទាវ បាន ស្រីមុំ ក៍បានអំពាវនាវដល់លោកតាលោកយាយ និងប្រជាពលរដ្ឋ ឱ្យចូលរួមប្រយុទ្ធប្រឆាំង បង្ការ ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ–១៩ ដោយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពអនុវត្តនូវវិធានចាំបាច់នានារបស់រាជរដ្ឋាភិបាល ជាពិសេសបងប្អូនពលករដែលទើបត្រលប់មកពីក្រៅប្រទេស ត្រូវធ្វើចត្តាឡីស័ក នៅដាច់ដោយឡែកពីសាច់ញាតិបងប្អូនក្រុមគ្រួសារ និងមិត្តភក្តិរយ:ពេល១៤ថ្ងៃសិន ។

ចំណែកលោកយាយ លោកតា ដែលបានទទួលប្រាក់ឧបត្ថម្ភពីមូលនិធីចាស់ជរា បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកជំទាវ ដែលបានឧបត្ថម្ភថវិកាជាប្រចាំដល់ពួកគាត់ ពោលគឺរៀងរាល់ខែ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃបានធូរស្រាលមួយកម្រឹតផងដែរ ។

សូមបញ្ជាក់ផងដែរថា ៖ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់លោកយាយ លោកតា ក្រុមការងារមូលនិធិត្រូវបានបែងចែកជា៣ក្រុម គឺក្រុមទី១. បើកផ្តល់ជូនលោកយាយ លោកតានៅការិយាល័យតំណាងរាស្ត្រមណ្ឌលប៉ៃលិន ក្រុមទី២. ផ្តល់ជូននៅសាលាឃុំអូរអណ្តូង និងក្រុមទី៣ . ផ្តល់ឱ្យនៅសាលាឃុំស្ទឹងត្រង់ ដោយបានបើកប្រាក់ឧបត្ថម្ភប្រចាំខែ ដល់លោកយាយលោកតា ចាស់ជរាចំនួន៦៨នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន១០ម៉ឺនរៀល ៕ ដោយ ៖ នីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *