កំពង់ធំ ៖ លោក ប៉ែន វណ្ណារិទ្ធ ប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រាប់នាថ្ងៃទី០៤ ខែកញ្ញា នេះថា ថ្មីនេះយើងឃើញមានបទល្មើសការលួចប្រមូលផលនេសាទជាហូរហែ ដោយកម្លាំងជំនាញយើងមានកំរិត ដូច្នេះយើងសូមអំពាវនាដូច្នេះថា ប្រសិនជាមានជនខិលខូចនៅតែបន្តលួចប្រមូលផលនេសាទទៀត យើងនឹងចាត់ការនូវវិធានក្តៅហើយ ចាប់បញ្ជូនតុលាការជាធរមាន។
ជាស្តែងថ្មីនេះ កម្លាំងជំនាញបានចុះព្រឹត្តបត្តិការណ៍បង្រ្កាប និងធ្វើការអបរំ ផ្សព្វផ្សាយបន្ថែមទៀតដល់ប្រជានេសាទយើងចំពោះរដូវបិតការនេសាទ និងវាបង្កអោយប៉ះពាល់អ្វីខ្លះដល់មនុស្ស និងសត្វ។ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានប្រកាសបិទរដូវនេសាទនៅតាមទីតាំងទៅតាមពេលវេលាដែលកំណត់ និងការនេសាទត្រូវបានអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចប្រើប្រាស់ឧបករណ៍សម្រាប់តែការនេសាទលក្ខណៈគ្រួសារតែប៉ុណ្ណោះ ដើម្បីចូលរួមចំណែកថែរក្សានិងការពារធនធានជលផលឱ្យបានគង់វង្ស។
លោកប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំបន្តថាទៀតថា នៅក្នុងរយៈពេលបិទនេសាទនេះ អ្នកនេសាទទាំងអស់ត្រូវប្រើប្រាស់តែឧបករណ៍នេសាទលក្ខណៈគ្រួសារប៉ុណ្ណោះ ឯចំពោះឧបករណ៍ដូចជា អួន ម៉ាញ់ ចៃរ៉ា ជន សាប នាម និងឈ្នក់ មិនអនុញ្ញាតឲ្យប្រើឡើយក្នុងរដូវបិទនេសាទនេះ។ ដោយឡែកសម្រាប់ឧបករណ៍មងអាចធ្វើការនេសាទបានតែប្រវែង១០០ម៉ែត្រប៉ុណ្ណោះ។
លោកប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំបានលើកឡើងថា «រដ្ឋបាលជលផល សង្ឃឹមថា សាធារណជននិងអ្នកនេសាទទាំងអស់នឹងអនុវត្តតាមសេចក្ដីជូនដំណឹងនេះ ដើម្បីចូលរួមចំណែកថែរក្សានិងការពារធនធានជលផលឲ្យបានគង់វង្ស សម្រាប់ប្រជាពលរដ្ឋខ្មែរជំនាន់ក្រោយៗទៀត»។
លោកប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំបានបញ្ជាក់ថា យោងលិខិតបញ្ជាបេសកម្ម លេខ១៣១៤ មកសិ.ខលបប ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម សហការជាមួយ ផ្នែករដ្ឋបាលជលផលផាត់សណ្តាយ ក្រុមអធិការកិច្ចរដ្ឋបាលជលផល និងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប ចុះទប់ស្កាត់ បង្ក្រាបបទល្មើសជលផល នៅចំណុចចាប់ពីជ្រោយវែង ដល់ជ្រោយតាសោម ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ទទួលបានលទ្ធផលដូចខាងក្រោម៖ បានរុះរើបំផ្លាញចោលឧបករណ៍នេសាទរបាំងសាច់អួន នៅនឹងកន្លែងរួមមាន – របាំងសាច់អួន ចំនួន ០៦ របាំង ប្រវែង ១៨០០ម៉ែត្រ – ឡុក ចំនួន ១២ គ្រឿង – លូ ចំនួន ១២ មាត់ – បង្គោល ចំនួន ៥០០ ដើម – លែងត្រី ចំនួន ៣០ គ.គ្រ -កម្លាំងសរុប ចំនួន ២៤ នាក់- កាណូត ០៥ គ្រឿង និងបានបង្កសំណុំរឿង។