លោកជំទាវអភិបាលខេត្តប៉ៃលិន បើកកិច្ចប្រជុំ ដើម្បីពិភាក្សាពីការត្រៀមបើកសាលារៀនឡើងវិញ ខណ:សិស្សានុសិស្សសប្បាយរីករាយ និងត្រៀមខ្លួនជាស្រេចក្នុងការចូលរៀន

ខេត្តប៉ៃលិន ៖ ដើម្បីអនុវត្តតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកកិច្ចប្រជុំមួយ ជាមួយមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីពិភាក្សាស្តីពីការបើកឱ្យដំណើរការសាលារៀនរដ្ឋ និងសាលាឯកជន ក្នុងការត្រៀមឱ្យសិស្សានុសិស្សចាប់ពីថ្នាក់មត្តេយ្យរហូតដល់មធ្យមសិក្សា ចូលរៀនវិញជាបណ្តើរៗ តាមតំបន់ស្ងប់ស្ងាត់នៃការឆ្លងជម្ងឺកូវីដ-១៩ ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា ៖ កិច្ចប្រជុំបន្ទាន់នេះ ក្នុងគោលបំណង ធ្វើការពិនិត្យ និងវាយតម្លៃលើតំបន់ណា ដែលអាចបើកសាលារៀនឡើងវិញបាន និងតំបន់ដែលនៅមិនទាន់អាចបើកបាន ។ បន្ទាប់ពីពិនិត្យ និងសម្រេចរួច ទើបមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ធ្វើការចុះស្រង់សាលារៀន ដែលមានហានិភ័យទាប ដោយត្រូវរៀនតាមសាលារៀន ឆ្លាស់វេណគ្នា និងមានសិស្សត្រឹមក្រោម១៥នាក់ប៉ុណ្ណោះ ។ រីឯតំបន់ណាដែលមានហានិភ័យខ្ពស់ គឺត្រូវឲ្យរៀនពីចម្ងាយ និងតាមប្រព័ន្ធអនឡាញដដែល ហើយផ្ញើរបាយការណ៍ជួនក្រសួងអប់រំ យុវជន និងកីឡាជាអ្នកសម្រេច ។

លោកជំទាវអភិបាលខេត្ត បានបញ្ជាក់ថា ៖ យោងតាមសេចក្តីណែនាំ ស្តីពីការបង្រៀន និងរៀន តាមបណ្តុំសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅភូមិសាស្ត្រ ដែលមានហានិភ័យទាប របស់ក្រសួងអប់រំ ដែលចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ គឺជាការបើកឱ្យដំណើរការឡើងវិញ នូវគ្រឹះស្ថានសិក្សាចំណេះដឹងទូទៅគ្រប់កម្រិត នៅតាមក្រុង ស្រុក ខណ្ឌ ដែលមានហានិភ័យទាប។ អាជ្ញាធររាជធានី-ខេត្ត ត្រូវធ្វើការវាយតម្លៃស្ថានភាពជាក់ស្ដែង និងការអនុវត្តនូវគម្លាតសុវត្ថិភាព និងវិធានការសុខាភិបាលចាំបាច់នានា ហើយគណៈអភិបាលរាជធានី-ខេត្ត ត្រូវកំណត់ភូមិសាស្ត្រ ដែលមានហានិភ័យខ្ពស់ ភូមិសាស្ត្រ ដែលមានហានិភ័យទាប និងភូមិសាស្ត្រដែលពុំមានការឆ្លងជំងឺកូវីដ-១៩។

ក្នុងឱកាសនោះដែរ លោកជំទាវក៏បានស្នើដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ត្រូវចុះធ្វើការសិក្សាវាយតម្លៃ និងជ្រើសរើស សាលាមត្តេយ្យសិក្សា-សាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ដែលមានលទ្ធភាព បើកដំណើរការឡើងវិញ ដោយត្រូវរៀបចំយន្តការរៀន និងបង្រៀន ។ លើសពីនេះ ត្រូវរៀបចំជាផែនការឲ្យបានច្បាស់លាស់ ហើយត្រូវផ្តល់អាទិភាព ទៅលើសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ ឲ្យរៀននៅតាមសាលារៀន ។ ប៉ុន្តែ ក្នុងរូបភាព ជាការរៀនតាមបណ្ដុំ ដែលមានចំនួនតិចជាង១៥នាក់ និងប្តូរវេនគ្នា ដើម្បីងាយស្រួលក្នុងការបង្រៀន និងគ្រប់គ្រង ។ ចំណែកកម្រិត ថ្នាក់ផ្សេងទៀត អាចរៀបចំការរៀនជាបណ្ដុំ មិនឲ្យលើសពី១៥នាក់នោះឡើយ ពោលគឺផ្អែក ទៅតាមស្ថានភាពជាក់ស្ដែង ដោយអាចរៀបចំការរៀនតាមបណ្ដុំនៅសាលារៀន និងបែងចែកវេន ឬបណ្ដុំតាមចម្រុះថ្នាក់ ឬអាចរៀបចំនៅតាមផ្ទះ វត្តអារាម ឬកន្លែងសមស្របណាមួយ ដោយរៀបចំចងក្រងបញ្ជីឈ្មោះសិស្សតាមបណ្តុំ និងតាមកម្រិតថ្នាក់នីមួយៗ ក្នុងករណីបណ្ដុំមានសិស្សតិចពេក អាចផ្គួបកម្រិតថ្នាក់ចូលគ្នា ឬអាចផ្គួបគ្នាលើសពី២កម្រិតថ្នាក់ផងដែរ ។

សូមបញ្ជាក់ថា ៖ កាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញសារជាសំឡេងបន្ទាន់មួយ ណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា ឲ្យ សហការជាមួយបណ្តារាជធានី-ខេត្តនានា ដើម្បីពិនិត្យមើល លើការបើកសាលារៀនឡើងវិញនៅតាមភូមិ-ឃុំ ដែលមិនមានការឆ្លងជំងឺកូវីដ-១៩ និងកន្លែងដែលឆ្លងតិច ដោយមិនត្រូវរង់ចាំការបើកលាសារៀនព្រមគ្នា នៅទូទាំងប្រទេសនោះឡើយ។ ប៉ុន្តែ ត្រូវរក្សាគម្លាតសុវត្ថិភាព និងគោរពតាមវិធានការសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនជាប្រចាំផងដែរ ។

ចំណែកសិស្សានុសិស្សមានការសប្បាយរីករាយយ៉ាងខ្លាំង បន្ទាប់ពីទទួលបានដំណឹងល្អ ពីរដ្ឋបាលខេត្ត ថានឹងអាចចូលរៀនវិញឆាប់ៗខាងមុខ ហើយពួកគេក៏មិនភ្លេចអនុវត្តនូវវិធានការ៣កុំ ៣ការពាររបស់ប្រមុខរាជរដ្ឋាភិបាល និងវិធាននានារបស់ក្រសួងសុខាភិបាល ដោយលាងដៃនឹងអាល់កុល ឬជែល ពាក់ម៉ាស ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវិដ១៩ ៕ ដោយ ៖ នីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *