ឯកឧត្តម ស៊ុន សុណ្ណ្ណារិទ្ធិ និង ឯកឧត្ដម ហូ ឌីណូ ចុះពិនិត្យទីតាំងសាងសង់ផ្លូវ២ខ្សែនៅស្រុកកំពង់ត្រឡាចដែលជាព្រះរាជអំណោយ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

ខេត្តកំពង់ឆ្នាំងៈរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងនិងឯកឧត្ដម ហូ ឌីណូ ទីប្រឹក្សាក្រសួងព្រះបរមរាជវាំង រួមដំណើរដោយលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងលោកអភិបាលស្រុក កំពង់ត្រឡាចបានចុះពិនិត្យទីតាំងសាងសង់ផ្លូវក្រាលក្រួសក្រហមចំនួន២ខ្សែ ប្រវែងសរុបចំនួន៩គម នៅឃុំអូរឫស្សី និងឃុំលង្វែក ស្រុកកំពង់ត្រឡាច ដែលជាព្រះរាជអំណោយរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រោសប្រទានដល់ប្រជារាស្ត្ររបស់ព្រះអង្គ។

ឯកឧត្ដម ហូ ឌីណូ បានបញ្ជាក់ថាៈផ្លូវទាំង២ខ្សែនេះដែលជាព្រះរាជអំណោយ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គ្រោងនិងសាងសង់ដោយក្រុម “សម្ដេចឪ” គ្រោងចាប់ផ្ដើមដំណើរការនៅក្នុងខែកញ្ញានេះ ដោយក្រាលក្រួសក្រហម និងមានសាងសង់លូកាត់ផ្លូវចំនួន៥កន្លែងផងដែរ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងនូវអំណរព្រះមហាករុណាទិគុណជាអនេកប្បការថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលទ្រង់បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន មន្ត្រីក្រុម “សម្ដេចឪ” នាំយកគ្រឿងយន្តធុនធ្ងន់ ចុះកសាងផ្លូវលំក្រាលក្រួសក្រហមចំនួន២ខ្សែ ដែលជាសំណូមពរតម្រូវការចាំបាច់របស់ប្រជារាស្ត្រជាកូន ជាចៅរបស់ព្រះអង្គ ក្នុងការធ្វើដំណើរឆ្លងកាត់ ធ្វើដំណើរទៅសាលារៀន ដឹកជញ្ជូនកសិផល និងការដោះស្រាយជីវភាពប្រចាំថ្ងៃផ្សេងៗ៕ដោយ៖សុក្ខារិន

You might like

Leave a Reply

Your email address will not be published. Required fields are marked *