កណ្ដាល ៖ យុវជនម្នាក់បានធ្វើសកម្មភាពលួចកូនដូងដាក់លក់នៅមុខផ្ទះគេពេលយប់ ត្រូវបានម្ចាស់តាមទាន់ចាប់ប្រគល់ឱ្យប៉ូលិសប៉ុស្តិ៍កោះខែល កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៤ទៀបភ្លឺ នៅចំណុចភូមិព្រែកប៉ាង ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល ។ ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ខ្លង លីហូវ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិព្រែកប៉ាង ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល ។ ចំណែកជនសង្ស័យឈ្មោះ អឿន ហ៊ ហៅលី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរកា ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ វត្ថុតាងចាប់យករួមមាន ១-ម៉ូតូសណ្ដោងរ៉ឺម៉ក១គ្រឿង ម៉ាកសង់កូរ៉េ គ្មានស្លាកលេខនិង២-កូនដូង ចំនួន ០៦ដើម។ ប៉ូលិសបន្តថា កន្លងមកប្រជាពលរដ្ឋនៅក្នុងភូមិព្រែកប៉ាង ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល តែងតែបាត់កូនដូងដែលបានដាក់លក់នៅមុខផ្ទះជាញឹកញាប់។ លុះនៅថ្ងៃទី ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះកំពុងតែដេកនៅក្នុងតូបលក់អីវ៉ាន់របស់ខ្លួន , ពេលនោះជនរងគ្រោះក៏បានឮសំឡេងឆ្កែព្រុសនិងសំឡេងម៉ូតូបើកចេញពីក្នុងតូបលក់អីវ៉ាន់របស់ខ្លួន ។ ភ្លាមនោះជនរងគ្រោះបានចេញមកមើលអីវ៉ាន់របស់ខ្លួនស្រាប់តែបាត់កូនដូងដែលដាក់លក់នៅមុខតូបចំនួន ០៦ដើម ដោយមានការសង្ស័យរ៉ឺម៉កជនសង្ស័យ ភ្លាមនោះជនរងគ្រោះក៏បានជិះកង់តាមពីក្រោយ លុះមកដល់ចំណុចព្រំប្រទល់ឃុំកោះខែល និងឃុំព្រែកអំបិល ក៏ឃើញស្គាល់ជាកូនដូងរបស់ខ្លួននៅលើរ៉ឺម៉ករបស់ជនសង្ស័យ ក៏ស្រែកឱ្យជនសង្ស័យឈប់។ ខណៈនោះជនសង្ស័យបានឃើញជនរងគ្រោះក៏បានឈប់រ៉ឺម៉កហើយរត់គេចខ្លួន តែត្រូវបានជនរងគ្រោះឃាត់ខ្លួនបាន រួចក៏បានតេទូរសព្ទប្ដឹងទៅប៉ូលិសប៉ុស្តិ៍កោះខែលរួចប្រគល់ឱ្យសមត្ថកិច្ចដើម្បីចាត់ការតាមនីតិវិធី ៕ ភាវុន