កំពង់ធំ ៖ ឯកឧត្តមសុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញចុះត្រួតពិនិត្យ សកម្មភាពបាញ់ថ្នាំសម្លាប់មេរោគ ផ្សារចំនួន ៣ ស្ថិតនៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ មុនពេលដាក់ដំណើរការលក់ដូរឡើងវិញ នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២១។
សកម្មភាពបាញ់ថ្នាំសម្លាប់មេរោគមានការអញ្ជើញ ចូលរួម ឯកឧត្តមសុខ លូ អភិបាលខេត្តកំពង់ធំ និងលោកម៉ាក ប៊ុនហុង អភិបាលក្រុងស្ទឹងសែន រួមទាំងមន្ត្រីជំនាញជាច្រើនរូប បានធ្វើការបាញ់ថ្នាំសម្លាប់មេរោគ ជុំវិញបរិវេណផ្សារកំពង់ធំ ផ្សារស្ទឹងសែន និងផ្សារក្បាលថ្នល់ ដើម្បីទប់ស្កាត់ ការឆ្លងរាលដាល ជំងឺកូវីដ 19 ខណៈ ពេលដែល មេរោគដ៏កាចសាហាវនេះ កំពុងតែឆ្លងរាតត្បាត ចូលក្នុងសហគមន៍ ក្នុងខេត្តកំពង់ធំ។
ប្រជាពលរដ្ឋ រួមទាំងអាជីវករក្នុងផ្សារទាំង៣ មានសេចក្តី ត្រេកអរយ៉ាងខ្លាំង ចំពោះការបើកដំណើរការ ឱ្យលក់ដូរឡើងវិញ នៅព្រឹកថ្ងៃទី ២ ខែកញ្ញាឆ្នាំ ២០២១ ស្អែកនេះ ដោយសារកន្លងមក ការអាក់ខានលក់ដូររបស់ពួកគាត់បានធ្វើឱ្យមានការខ្វះខាត ជាច្រើន នឹងសង្ឃឹមថាការបើកជាផ្លូវការ ដល់ការលក់ដូរនេះនឹងធ្វើឲ្យជីវភាពរបស់គាត់បានធូរស្រាលឡើងវិញ។
ឯកឧត្តម បានមានប្រសាសន៍ថាផ្សារទាំង៣ក្នុងក្រុងស្ទឹងសែន នឹងបើកដំណើរការឡើងវិញ ក្រោយពេលដែលបានបាញ់ ថ្នាំសម្លាប់មេរោគរួចហើយក្នុងនោះសូមឱ្យបងប្អូនអាជីវករនិងប្រជាពលរដ្ឋបន្តចូលរួមសហការការពារទប់ស្កាត់ ការឆ្លងរីករាលដាលមេរោគកូវីត19 ដោយអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល រួមទាំង អនុវត្តន៍វិធានការ៣កុំ៣ការពារ របស់រដ្ឋាភិបាល។
ជាចុងក្រោយ ឯកឧត្តមបានរំលឹក ដល់អាជ្ញាធរស្រុកក្រុង ភូមិសង្កាត់ ណែនាំឱ្យបងប្អូនប្រជាពលរដ្ឋមាតាបិតា អាណាព្យាបាល នាំកូនចៅ ដែលមានអាយុចាប់ពី ១២ ឆ្នាំ រហូតដល់ ១៧ ឆ្នាំ មកចាក់វ៉ាក់សាំង ការពារ ប្រឆាំងមេរោគកូវីត19 ឲ្យបានគ្រប់គ្នា និងសូមយោគយល់សម្រួលឯកសារការចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នាផងដែរ៕