កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហម កម្ពុជា ខេត្តកំពង់ចាម បានចាត់លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា រួមនឹង មន្ត្រី ពាក់ព័ន្ធ នាព្រឹក ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២១នេះ បាន នាំយកអំណោយមនុស្សធម៌ ផ្តល់ជូន ស្ត្រី ឈ្មោះ ញ៉ សុខគា អាយុ ៣៩ឆ្នាំ ដែលបានរងគ្រោះដោយអគ្គីភ័យឆេះផ្ទះ ២ខ្នង ទំហំ ៦ម×១២ម ធ្វើពីឈើ ប្រក់ក្បឿង កាលពីវេលាម៉ោង ៩ និង៤០នាទីយប់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០២១ នៅភូមិអូរបេង ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ មូលហេតុដោយសារ តែឈ្មោះ បូ សុផា អាយុ ៤១ឆ្នាំ ត្រូវជាប្តី ញៀនថ្នាំ ញៀនស្រា បង្កជម្លោះ ហើយដុតបំផ្លាញផ្ទះខ្លួនឯង បណ្ដាល ឲ្យ ឆេះខូចខាតទាំងស្រុង ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ ប៉ាង ដានី បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហម កម្ពុជា ខេត្តកំពង់ចាម ជាពិសេស ពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែយកចិត្តទុកដាក់គិតគូរ អំពីសុខទុក្ខដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ នៅគ្រប់ទីកន្លែង មិនប្រកាន់និន្នាការ ពូជសាសន៍ សាសនា អ្វីឡើយ ហើយតែងបានចាត់តំណាង ចុះអន្តរាគមន៍ នាំយកអំណោយមនុស្សធម៌ ជួយសម្រាលទុក្ខលំបាកជនរងគ្រោះ ទាន់ពេលវេលា ។
ជាមួយគ្នា នោះ លោកជំទាវ ប៉ាង ដានី បានអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នជានិច្ច ពីការថែទាំសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តអោយបានខ្ជាប់ខ្ជួន តាមវិធានសុខាភិបាល “៣កុំ ៣ការពារ និង ២ចូលរួម” ដើម្បីជៀសអោយផុតពីការឆ្លងរាតត្បាត នៃវីរុស ដែលតា បម្លែងថ្មី កូវីដ-១៩ ។
គួរ បញ្ជាក់ ថា អំណោយមនុស្សធម៌ ដែលបានផ្ដល់ជូន រួមមាន ៖អង្ករ ៥០គក្រ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ មី១កេស តង់ធំ១ ឃីត ១ ( មុង ភួយ សារុង ក្រម៉ា ) អាវយឺត៨ សម្ភារៈផ្ទះបាយ សម្ភារៈដំណេក និងថវិកាចំនួន ១លានរៀល ។ដោយឡែក ឯកឧត្តម វង្ស ប៊ុន វិសុទ្ធ ឧបត្ថម្ភថវិកា ១លានរៀល ហើយ អនុសាខា ស្រុកស្ទឹងត្រង់ បានផ្តល់ជូន នូវអង្ករ ៥០គក្រ មី ១កេស និងថវិកា ១០០.០០០រៀល ផងដែរ ៕