កណ្តាល ៖ បុរសជាឪពុកចុងម្នាក់ បានធ្វើសកម្មភាពចាប់រំលោភកូនស្រីប្តីដើមអាយុ១០ឆ្នាំបានសម្រេច៣លើកខណៈប្រពន្ធទៅធ្វើការរោងចក្រកាត់ដេរបាត់ៗ ហើយត្រូវបានប៉ូលិសក្រុងតាខ្មៅឃាត់ខ្លួន នាថ្ងៃចន្ទ ទី៣០ ខែសីហា ឆ្នាំ២០២១ នៅចំណុចបន្ទប់ជួលលេខ1E ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ប៉ូលិសនិយាយថា ជនរងគ្រោះត្រូវជាកូនដើមឈ្មោះឌ.ន. ភេទស្រី អាយុ១០ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី៣ ស្នាក់នៅភូមិ-សង្កាត់ កើតហេតុ ។ ចំណែកជនសង្ស័យត្រូវជាឪពុកចុងឈ្មោះ ជឹម ឌីណា ហៅធំ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅភូមិ សង្កាត់កើតហេតុ ។ ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលរយៈពេល៣ ឆ្នាំ ពីបទជួញដូរគ្រឿងញៀន ។ជនសង្ស័យមានសារធាតុញៀនក្នុងទឹកនោម តែអវិជ្ជមានកូវីដ-១៩។
ប៉ូលិសបន្តថា ដំបូងម្តាយជនរងគ្រោះជាស្ត្រីមេម៉ាយមានកូនម្នាក់ដែលជាក្មេងរងគ្រោះ ដោយប្តីបានលែងលះគ្នា ហើយបានយកប្តីក្រោយដែលជាជនសង្ស័យបានរយៈពេលជាង៩ឆ្នាំមកហើយ ដោយទទួលបានកូន៣នាក់ រួមទាំងកូននៅក្នុងពោះ ។
លុះមកដល់វេលាកើតហេតុខាងលើ នៅពេលម្តាយជនរងគ្រោះមិននៅផ្ទះដោយជាប់រវល់ទៅធ្វើការរោងចក្រកាត់ដេរបាត់ ,ពេលនោះជនសង្ស័យបានប្រើប្រាស់គ្រឿងញៀនរួចហើយ ក៏បានទៅធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈទៅលើជនរងគ្រោះជាបន្តបន្ទាប់រហូតបានសម្រេចចំនួន៣ដងបណ្តាលឱ្យជនរងគ្រោះឈឺផ្សាត្រង់ប្រដាប់ភេទយ៉ាងខ្លាំង ហើយបានគំរាមគំហែងជនរងគ្រោះទៀតថា «បើហ៊ានប្រាប់ម្តាយនិងអារកសម្លាប់ចោលតែម្តង»។
លុះក្រោយមកដោយឃើញអាការៈកូនស្រីមានសភាពស្លេកស្លាំង ទើបម្តាយចេះតែជជីកសួរ ទើបជនរងគ្រោះបានរៀបរាប់ប្រាប់ម្តាយឱ្យបានដឹងរឿង រួចបាននាំជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ដើមមៀន ឱ្យចុះឃាត់ខ្លួនជនសង្ស័យដែលជាឪពុកចុងយកសាកសួរនិងចាត់ការតាមនីតិវិធី។
យោងតាមចម្លើយរបស់ជនសង្ស័យបានប្រាប់ថា «ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈទៅលើកូនចុងរបស់ខ្លួនប្រាកដមែន តែរំលោភបានសម្រេចតែ២ដងប៉ុណ្ណោះ»។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្នានប៉ូលិសក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីនៃច្បាប់៕ ដោយ ភាវុន