មេការឡឥដ្ឋម្នាក់ ត្រូវបានកូនចៅក្រោមឱវាទដាល់មួយដៃចំថ្ងាសបែកឈាមនៅស្រុកមុខកំពូល

កណ្តាល ៖ មេការឡឥដ្ឋម្នាក់ ត្រូវបានកូនចៅក្រោមឱវាទដាល់មួយដៃចំថ្ងាសបែកឈាមបន្ទាប់ពីមានទំនាស់ពាក្យសំដីគ្នារឿងបញ្ចេញឥដ្ឋឱ្យម៉ូយ ដែលអំពើហិង្សាខាងលើកើតឡើងនាថ្ងៃចន្ទ ទី៣០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៥ល្ងាច នៅចំណុចឡឥដ្ឋរបស់ឈ្មោះអៀង ភូមិជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ឯក ពុធ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរមេការឡឥដ្ឋសព្វថ្ងៃស្នាក់នៅឡឥដ្ឋរបស់ឈ្មោះអៀងភូមិជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។ ចំណែកជនសង្ស័យឈ្មោះ ម៉ៃ ម៉ិច ភេទប្រុស អាយុ៣៥ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករឡឥដ្ឋ សព្វថ្ងៃស្នាក់នៅឡឥដ្ឋរបស់ឈ្មោះអៀងភូមិជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។

ប៉ូលិសបន្តថា នៅអំឡុងឆ្នាំ២០១៧ជនសង្ស័យធ្លាប់ប្រើប្រាស់និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហើយត្រូវបានសមត្ថកិច្ចខណ្ឌជ្រោយចង្វារឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចំនួន០១លើក និងធ្លាប់ចូលមណ្ឌលកែប្រែអប់រំឱកាសខ្ញុំចំនួន០១លើករយ:ពេល០៧ខែក៏ចេញមកវិញ។

បន្ទាប់មកជនសង្ស័យបានមកធ្វើជាកម្មករឡឥដ្ឋនៅចំណុចកើតហេតុខាងលើរហូតមកដល់សព្វថ្ងៃ ហើយជនសង្ស័យក៏នៅបន្តប្រើប្រាស់គ្រឿងញៀនម្ដងម្កាល ,ក្នុងពេលធ្វើការនៅក្នុងឡឥដ្ឋកន្លងមកសង្ស័យនិងជនរងគ្រោះធ្លាប់មានទំនាស់ជាមួយគ្នាបន្តិចបន្តួចពីរឿងបញ្ចេញឥដ្ឋ។

ប៉ូលិសបន្តថា លុះនៅថ្ងៃទី៣០សីហាឆ្នាំ២០២១វេលាម៉ោង៤ល្ងាចជនសង្ស័យបានឈ្លោះជាមួយប្រពន្ធរបស់ខ្លួន ដោយសុំលុយប្រពន្ធមិនឱ្យ ,លុះដល់វេលាម៉ោង៥ល្ងាចជនរងគ្រោះ (មេការឡឥដ្ឋ)បានទៅប្រាប់ប្រពន្ធរបស់ជនសង្ស័យឱ្យទៅបញ្ចេញឥដ្ឋពីក្នុងឡ ដើម្បីត្រៀមលើកដាក់ឡានដឹកឱ្យម៉ូយ។ពេលនោះជនសង្ស័យបានជំទាស់មិនឱ្យប្រពន្ធរបស់ខ្លួនទៅបញ្ចេញឥដ្ឋនោះទេហើយ ក៏មានទំនាស់ពាក្យសំដីនឹងគ្នាជាមួយជនរងគ្រោះតឹងមាត់ដាក់គ្នា។

ខណៈពេលនោះជនរងគ្រោះក៏បានហៅជនសង្ស័យឲ្យចុះពីលើផ្ទះមកវាយគ្នា ឮដូច្នេះជនសង្ស័យក៏ចុះពីលើផ្ទះរបស់ខ្លួនមកដី ពេលចុះមកដល់ជនរងគ្រោះក៏បានវាយទៅលើជនសង្ស័យចំនួន០១ដៃចំក ។ភ្លាមនោះជនសង្ស័យក៏វាយទៅលើជនរងគ្រោះមួយដៃវិញចំថ្ងាសបណ្ដាលឱ្យបែកហូរឈាម ឃើញដូច្នេះកម្មករដែលនៅទីនោះក៏នាំគ្នាចាប់ឃាត់ជនរងគ្រោះនិងជនសង្ស័យឱ្យបែកចេញពីគ្នា ហើយជនសង្ស័យក៏ឡើងទៅលើផ្ទះរបស់ខ្លួនបាត់ទៅ។

លុះដល់វេលាម៉ោង៧និង៣០នាទីយប់ជនរងគ្រោះក៏បានមកប្ដឹងដល់សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឫស្សី ជ្រោយ ។បន្ទាប់ពីទទួលពាក្យបណ្ដឹងកម្លាំងប៉ុស្តិ៍និងស្រុកបានចុះទៅដល់កន្លែងកើតហេតុ ហើយបាននាំជនសង្ស័យមកអធិការដ្ឋានស្រុកមុខកំពូលដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា«ខ្លួនពិតជាបានវាយជនរងគ្រោះចំនួន០១ដៃបណ្ដាលឱ្យបែកហូរឈាមពិតមែន»។ជនសង្ស័យបានធ្វើសំណាករកជំងឺ covid-19 រួចរាល់លទ្ធផលអវិជ្ជមាន(-)។

ចំពោះជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានប៉ូលិសស្រុកមុខកំពូលកសាងសំណុំរឿងដើម្បីបន្តចាត់ការតាមនីតិវិធី៕ ដោយ ភាវុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *