ខេត្តកំពង់ឆ្នាំងៈនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ម្សិលមិញនេះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយលោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង និង លោកយិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង បានអញ្ជើញចុះពិនិត្យនិងសាកសួរសុខទុក្ខ លោកយាយ៣នាក់ដែលមានអាយុចាប់
ពី៨៧ឆ្នាំ ដល់១០៦ឆ្នាំ បានស្ម័គ្រចិត្តមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅមណ្ឌលចាក់វ៉ាក់សំាង នៅក្នុងវត្តអារញ្ញិការាមម ស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងនិងខេត្តកំពង់ឆ្នាំង ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថាៈ លោកយាយចំនួន៣នាក់ ដែលស្ម័គ្រចិត្តមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ១.ឈ្មោះ លឹម ស៊ុន អាយុ១០៤ឆ្នាំ និងលោកយាយ ស៊ិន សុទ្ធ អាយុ ៨៧ឆ្នាំ រស់នៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង និង លោកយាយ ហួរ គឹមសួរ អាយុ១០៦ឆ្នាំ រស់នៅក្នុងភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង បានស្ម័គ្រចិត្តអញ្ជើញមកចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។
ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ បាន ពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា សម្តេចទាំងទ្វេរតែងតែគិតគូរពីសុខទុក្ខនិងសុខមាលភាពរបស់ប្រជាពលរដ្ឋគ្រប់ៗគ្នានិងគ្រប់ពេលវេលាដោយមិនប្រកាន់ពូជសាសន៍និងនិន្នាការនយោបាយឡើយ។
ឯកឧត្តមប់ ស៊ុន សុវណ្ណារិទ្ធិបានមានប្រសាសន៍បន្តថាៈ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចអាជ្ញាធរខេត្តបច្ចុប្បន្ននេះបានយកចិត្តទុកដាក់ជាខ្លាំងចំពោះបងប្អូនប្រជាពលរដ្ឋ ក្នុងពេលដែលរងនូវផលប៉ះពាល់ដោយជំងឺកូវីដ១៩នេះ និងបានជម្រុញឱ្យអាជ្ញាធរ ក្រុមគ្រូពេទ្យយកចិត្តទុកដាក់ក្នុងការចាក់វ៉ាក់សំាងជូនប្រជាពលរដ្ឋនៅគ្រប់តំបន់ដើម្បីបង្ការកុំឱ្យឆ្លងជំងឺកូវីដ១៩ ។
ចំពោះលោកយាយ ដែលមានជន្មាយុច្រើន ហើយបានស្ម័គចិត្រចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នាពេលនេះ អាជ្ញាធរបានសម្តែងនូវការគាំទ្រចំពោះការគិតគូរ យ៉ាងច្បាស់លាស់អំពីសុខមាលភាពរបស់លោកយាយ ដែលបានចាក់វ៉ាក់សាំងនាពេលនេះ ដែលអាចចូលរួមកាត់បន្ថយការឆ្លងផងដែរ ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវថែរក្សាសុខភាព របស់ខ្លួន ដោយអនុវត្តតាមការណែនាំរបស់អាជ្ញាធរ គោរពអោយបានតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងអនុវត្តអោយបានជាប់ជាប្រចាំនូវអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាលគឺ៣ការពារ និង៣កុំឱ្យបានខ្ជាប់ខ្ជួន។
នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង ក៏បានផ្តល់ជូនថវិកាដល់លោកយាយដែលមានជន្មាយុច្រើន ទាំង៣នាក់នេះ ក្នុងម្នាក់ៗទទួលបាននូវថវិកា៨០ម៉ឺនរៀលផងដែរ ៕ដោយ៖សុក្ខារិន