ខេត្តប៉ៃលិន ៖ ក្រោយការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យ ដែលមានអាយុ ចាប់១២ឆ្នាំដល់ក្រោម១៨ឆ្នាំ រួចរាល់រហូតមកដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ ពួកគេបានឲ្យដឹងថា គឺមានសុខភាពល្អធម្មតា និងមានអារម្មណ៍ល្អ ដោយសារបានចាក់វ៉ាក់សាំងការពារខ្លួន ខណៈថ្ងៃបញ្ចប់នៃយុទ្ធនាការចាក់វ៉ាក់សាំងនេះ មានកុមារ និង យុវវ័យជាង៩ពាន់នាក់ បានស្ម័គ្រចិត្ដចាក់ក្នុងក្របខណ្ឌខេត្តប៉ៃលិន ។ ប្រភពបន្តថា ៖ វ៉ាក់សាំងដែលប្រើសម្រាប់ចាក់កុមារ និងយុវវ័យនេះ គឺជាវ៉ាក់សាំងស៊ីណូវ៉ាក់ ដែលផលិតឡើងដោយក្រុមហ៊ុនចិន។
យុវជនម្នាក់រស់នៅភូមិបរហ៊ុយ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានប្រាប់ថា ៖ រូបគេ និងមិត្ដភក្តិរួមថ្នាក់ជាមួយគ្នា បានស្ម័គ្រចិត្ដចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ហើយក្រោយចាក់រួច ពួកគេមិនមានអាការៈខុសប្លែកនៅក្នុងខ្លួននោះទេ គឺមានសភាពល្អធម្មតា ដោយគ្រាន់តែឈឺត្រង់កន្លែងមុខម្ជុលតិចតួចប៉ុណ្ណោះ ។
សូមបញ្ជាក់ថា ៖ កុមារ និងយុវវ័យ ក្នុងខេត្តប៉ៃលិន ដែលបានចាក់វ៉ាក់សាំងដូសទី១ រួចពួកគេក៍បានថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ថ្នាក់ដឹកនាំ អាជ្ញាធរខេត្ត ក៏ដូចជាលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដែលជានិច្ចកាលតែងតែគិតគូរពីសុខមាលភាព ប្រជាពលរដ្ឋ ជាពិសេសក្នុងពេលប្រយុទ្ធប្រឆាំងជម្ងឺកូវីដ ១៩ ។
ពួកគេបានជូនពរ សម្តេច ថ្នាក់ដឹកនាំ អាជ្ញាធរខេត្ត ឲ្យជួបតែសេចក្តីសុខ ចម្រើនគ្រប់ភារកិច្ច និងសូមជៀសផុតពីកូវីដ ១៩ ។
លើសពីនេះ ការចាក់វ៉ាក់សាំងអាចជួយការពារដល់កុមារ-យុវវ័យពីផលប៉ះពាល់អវិជ្ជមាននៃការលូតលាស់ផ្នែកស្មារតី និងរាងកាយទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែងដោយជួយកុមារ-យុវវ័យឱ្យវិលត្រឡប់មករស់នៅប្រកបដោយសុវត្ថិភាព តាមគន្លងប្រក្រតីភាពថ្មី ជាពិសេសការវិលត្រឡប់ទៅកាន់សាលារៀនវិញ ការជួបជុំមិត្តភក្តិ ការចូលរួមកម្មវិធីសំខាន់ៗដូចជាការហាត់ប្រាណ ការលេងកីឡា និងការប្រគំតន្ត្រីជាដើម ដែលសុទ្ធតែជាសកម្មភាពសំខាន់ និងចាំបាច់ក្នុងការរួមចំណែកដល់ការលូតលាស់ផ្នែកប្រាជ្ញាស្មារតី ផ្លូវកាយផ្លូវចិត្ត និងសុខុមាលភាពរបស់កុមារ-យុវវ័យ»៕ដោយ ៖ នីយ៉ា