ឯកឧត្តម-ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១នេះ បាននាំយកថ្នាំពេទ្យចិន និងម៉ាស ប្រគល់ជូនលោកស្រី លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ តំណាងឯកឪត្តម-សុខ លូ អភិបាលខេត្តកំពង់ធំ និងស្រុកបារាយណ៍ ស្រុកតាំងគោក ដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការ «៣កុំ ៣ការពារ» ដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅទូទាំងខេត្ត។
* សម្ភារបរិក្ខារដែល លោករដ្ឋមន្ត្រី ថោង ខុន ប្រគល់នេះជូនរួមមាន៖ ថ្នាំពេទ្យចិន LIANHUA Qingwen jiaonang ចំនួន ៨០០ប្រអប់ ជាអំណោយផ្ទាល់របស់លោករដ្ឋមន្ត្រី និងម៉ាស់ចំនួន ២ម៉ឺនម៉ាស់ ឧបត្ថម្ភដោយក្រុមហ៊ុន Wonderpass Technology Co.,Ltd Cambodia ជូនរដ្ឋបាលខេត្តកំពង់ធំ ១ម៉ឺនម៉ាស់, ស្រុកបារាយណ៍ ៥០០០ម៉ាស់ និងស្រុកតាំងគោក ៥០០០ម៉ាស់។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកក-ដ្មន្រ្តី ថោង ខុន បានណែនាំទៅកាន់រដ្ឋបាលខេត្តកំពង់ធំ ក៏ដូចជាមន្ត្រីសុខាភិបាលក្នុងខេត្តទាំងអស់ គប្បីយកថ្នាំនេះទៅប្រើប្រាស់ ឱ្យចំគោលដៅ ដើម្បីធ្វើយ៉ាងណារួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងជួយព្យាបាលប្រជាជនឱ្យមានប្រសិទ្ធភាព ពោលគឺត្រូវយកចិត្តទុកដាក់ឱ្យបានហ្មត់ចត់ ចំពោះសុខមាលភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ លោករដ្ឋមន្រ្តី ថោង ខុន ក៏បានណែនាំឱ្យរដ្ឋបាលខេត្តកំពង់ធំ និងស្រុកទាំង២ ត្រូវជំរុញការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋឱ្យបានគ្រប់គ្នា និងចូលរួមអនុវត្តន៍ឱ្យបាន នូវវិធានការ ៣កុំ ៣ការពារ ដើម្បីបញ្ជៀសឱ្យបាននូវចំលងជំងឺកូវីដ១៩នៅក្នុងសហគមន៍។
ជាមួយគ្នានោះ លោកស្រី លំ គន្ធារី បានថ្លែងអំណរគុណចំពោះលោករដ្ឋមន្ត្រី ថោង ខុន ដែលបាននាំយកគ្រឿងបរិក្ខារដ៏ចាំបាច់នេះ មកប្រគល់ជូនរដ្ឋបាលខេត្តកំពង់ធំ ដើម្បីប្រើប្រាស់ជាប្រយោជន៍រួមក្នុងខេត្ត និងបានថ្លែងអំណរគុណចំពោះសប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភសម្ភារៈខាងលើនេះ តាមរលោករដ្ឋមន្ត្រីង ។
សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ នៅទូទាំងខេត្តកំពង់ធំបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ៣ ៣២១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ២ ៦១១នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៥៩៩នាក់។