ដោយៈ សេង ពិសិដ្ឋ
ព្រះវិហារៈ ផ្លែមៀនមានទម្ងន់ ១តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ត្រូវបានអាជ្ញាធរខេត្តព្រះវិហារ នាំយកមកចែកជូនមន្ត្រីជួរមុខ ក្រុមគ្រូពេទ្យ មណ្ឌលចត្តាឡីស័កកម្រិតស្រាលចំនួន២ ទីតាំង និងបងប្អូនប្រជាពលរដ្ឋ ក្នុងក្រុងព្រះវិហារ កាលពីព្រឹកថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២១ ក្នុងគ្រាដ៏លំបាក នៃការឆ្លងរាតត្បាតពីជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ ដែលមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ប៉ាង រ៉ាវី អភិបាលរងខេត្ត អភិបាលក្រុងព្រះវិហារ និងយុវជន ស.ស.យ.ក ក្រុងព្រះវិហារផងដែរ ។
ឯកឧត្តម យ៉ុង គឹមហ៊ាន អភិបាលរងខេត្ត ដែលជាតំណាង ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានថ្លែងឲ្យដឹងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលសម្តេចតែងតែគិតគូរជានិច្ច នូវទុក្ខលំបាករបស់មន្ត្រីជួរមុខ ក្រុមគ្រូពេទ្យ និងបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសនៅក្នុងអំឡុងពេលដែលប្រទេសកម្ពុជាជួបទុក្ខលំបាក នៃការឆ្លងរាតត្បាត ពីជម្ងឺកូវីដ-១៩ ។
ឯកឧត្តម ក៏បានសម្តែង ការអរគុណជាពន្លឹក ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានផ្តល់ផ្លែមៀន មកដល់រដ្ឋបាលខេត្តព្រះវិហារ ដើម្បីធ្វើការបែងចែកជូនដល់មន្ត្រីជួរមុខ ក្រុមគ្រូពេទ្យនៅតាមមណ្ឌលចត្តាឡីស័ក បងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ និងបានសំណូមដល់បងប្អូនទាំងអស់ត្រូវចូលរួមអនុវត្តន៍វិធានសុវត្តិភាពផ្សេងៗរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធាន ៣កុំ ៣ការពារ របស់សម្តេច តេជោនាយរដ្ឋមន្ត្រី ក្នុងការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ពិសេសមេរោគបម្លែងថ្មីដែលតា (Delta) ដោយសព្វថ្ងៃនេះការផ្ទុះឡើងនៅក្នុងប្រទេសកម្ពុជា ដូច្នេះយើងត្រូវតែចូលរួមទប់ស្កាត់មេរោគបម្លែងថ្មីនេះ កុំអោយមានការរីករាលចូលដល់សហគមន៍កាន់តែខ្លាំង ។
សូមបញ្ជាក់ថា៖ នេះជាលើកទី២ហើយ ដែលរដ្ឋបាលខេត្តព្រះវិហារទទួលបានផ្លែមៀន ដែរជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន យកមកចែកជូនកងកម្លាំងជួរមុខ មានកម្លាំងយោធា កងរាជអាវុធហត្ថ កម្លាំងនគរបាល មន្ទីរសុខាភិបាលខេត្ត ព្រមទាំងការផ្តល់ជូន មណ្ឌលកុមារកំព្រា នៅក្នុងខេត្តព្រះវិហារ នៅក្នុងដំណាក់កាល ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩នាពេលនេះ ៕