កំពង់ធំ: ការអំពាវនាវដូចខាងលើនេះនៅក្នុងឱកាសដែរឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អញ្ជើញចុះពិនិត្យមើលការចាក់វ៉ាក់សាំង តាមបណ្ដា ក្រុង ស្រុក មួយចំនួន ជាពិសេសគឺការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់អាយុ ១៧ឆ្នាំ ដែលកំពុងមានការចូលរួមយ៉ាងផលផុសពីក្មួយ (កុមារ និងយុវវ័យ) មាតាបិតា និងអាណាព្យាបាល នាព្រឹកថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២១ ។
ជាមួយគ្នានោះ-ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា យើងទាំងអស់គ្នាពិតជាមានភ័ព្វសំណាងណាស់ ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគិតគូរច្បាស់លាស់ មានការសម្រេចចិត្តត្រឹមត្រូវ ឆាប់រហ័ស និងទាន់ពេលវេលា ក្នុងការស្វែងរកវ៉ាក់សាំងចាក់ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា បានជាង ៩០ភាគរយ នៃប្រជាជនជាង ១០លាននាក់ ដែលអាចធ្វើឲ្យយើងចៀសផុតនៃការឆ្លងជំងឺកូវីដ១៩ ហើយបើឆ្លងក៏វាអត់ឈឺធ្ងន់ និងមិនបណ្ដាលឲ្យស្លាប់ទេ ប្រសិនបើយើងមិនបានចាក់វ៉ាក់សាំងទេ មិនដឹងជាមានការឆ្លងប៉ុន្មាននាក់ ហើយស្លាប់ប៉ុន្មាននាក់នោះទេ។
លើសពីនេះទៀតឯកឧត្តមអភិបាលខេត្តបន្ថែមទៀតថា ទោះបីជាយើងបានចាក់វ៉ាក់សាំងហើយក្តី ប៉ុន្តែយើងមិនត្រូវភ្លេចនូវវិធានការ បីការពារ បីកុំ របស់រាជរដ្ឋាភិបាល និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ឧស្សាហ៍លាងដៃនឹងសាប៊ូទឹកអាកល់ឬជែល មិនត្រូវមានការជួបជុំ ការប្រមូលផ្ដុំ រក្សាគម្លាតសុវត្ថិភាព និងត្រូវមានការពាក់ម៉ាសនៅពេលចេញក្រៅផ្ទះឱ្យបានជាប់ជានិច្ច ហើយយើងរៀនរស់តាមរបៀបកន្លងថ្មីក្នុងសម័យកូវីដ១៩ នេះ។
ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ សូមគោរពអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោដែលបានពុះពាររកវ៉ាក់សាំងមកចាក់ជូនបងប្អូនប្រជាពលរដ្ឋយើងគ្រប់ៗគ្នាដោយឥតគិតថ្លៃ។