ខេត្តប៉ៃលិន ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន ដឹកនាំក្រុមការងារ ចុះពិនិត្យមើល អាជីវករលក់ដូរនៅកន្លែងទីតាំងថ្មី ស្ថិតនៅចំណុចដី ឈ្មោះ សា ចំរើន ហៅតាអឿង ក្នុងភូមិអូរតាពុក ក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ចាប់ពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ខណៈបិទខ្ទប់ផ្សារចំនួន០២ ពាក់ព័ន្ធជាមួយនឹងអាជីវករវិជ្ជមានកូវីដ១៩ ។
លោកជំទាវ បាន ស្រីមុំ បានលើកឡើងថា ៖ ដើម្បីថែរក្សា សុខសុវត្ថិភាព និងអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងអាជីវករទាំងអស់ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ នេះ រដ្ឋបាលខេត្ត បានរៀបចំកន្លែងលក់ដូរ បណ្តោះអាសន្នថ្មី ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការទិញម្ហូបអាហារ ក្នុងកាលទេសៈបិទខ្ទប់នេះ។
លោកជំទាវក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព ដោយត្រូវរក្សាអនាម័យក្នុងការរស់នៅជាប្រចាំ ដើម្បីជៀសវាងការកើតមានជំងឺតម្កាត់ផ្សេងៗ រួមទាំងជម្ងឺកូវីដ-១៩ និងជាពិសេសប្រភេទថ្មី (ដែលតា) ដែលយើងត្រូវរួមគ្នាប្រយុទ្ធប្រឆាំង បង្ការទប់ស្កាត់ ការពារ ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ហើយត្រូវរួមគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ ការពាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ ៣ការពារ ៣កុំ ក្នុងនោះបើមានបញ្ហា សុខភាព ឬករណីសង្ស័យ សូមប្រញាប់រាយការណ៍មកអាជ្ញាធរ មូលដ្ឋាន ដើម្បីអោយក្រុមគ្រូពេទ្យ ជំនាញ ធ្វើការពិនិត្យសុខភាព ឬធ្វើសំណាក និងទទួលការព្យាបាលបានទាន់ពេលវេលា។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក៍បានជំរុញដល់មន្ត្រីជំនាញ និងអាជ្ញាធរ មូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ព្រមទាំងសហការគ្នា ចុះធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំ បងប្អូនប្រជាពលរដ្ឋ និងម្ចាស់ទីតាំងអាជីវកម្មនានាក្នុងខេត្ត ត្រូវចូលរួមអនុវត្តតាមការណែនាំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជម្ងឺកូវីដ-១៩ នៅក្នុងសហគមន៍ និងក្នុងប្រទេសជាតិរបស់យើង មិនតែប៉ុណ្ណោះសូមអាជីវករ កុំឆ្លៀតឱកាសលក់ទំនិញ និងម្ហូបអាហារក្នុងតម្លៃខ្ពស់ ។ នៅពេលផុតកំណត់កាលបរិច្ឆេទនៃការបិទខ្ទប់របស់រដ្ឋបាលខេត្ត អាជីវករលក់ដូរទាំងអស់ នឹងបានវិលត្រឡប់ទៅបើកតូបលក់ដូរឡើងវិញជាធម្មតា ក្រោមលក្ខខ័ណ្ឌគោរពអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន៣ការពារ ៣កុំ ដើម្បីចូលរួមទប់ស្កាត់នៃការរាលដាលវីរុសកូវីដ១៩ប្រភេទថ្មីដែលតាប្រកបដោយប្រសិទ្ឋិភាព ៕ ដោយ ៖ នីយ៉ា