សៀមរាប៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ក្រុមការងារចាក់វ៉ាក់សាំងកងពលធំអន្តរាគមន៍លេខ៣ និងកងពលតូចអន្តរាគមន៍ចំណុះទាំង៣ បានបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋសម្រាប់ម្ជុលទី២ បានចាប់ផ្តើមចាក់តាំងពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅក្នុងស្រុកចំនួន៤ ក្នុងខេត្តសៀមរាបគឺ ស្រុកសូទ្រនិគម, ស្រុកជីក្រែង,ស្រុកអង្គរធំ,ស្រុកស្វាយលើ សរុបប្រមាណ ១៣១,៣៥៩នាក់ ចាក់ដោយក្រុមការងារ ចាក់វ៉ាក់សាំងកូវីដ-១៩ របស់កងពលធំអន្តរាគមន៍លេខ៣កងពលធំតូចអន្តរាគមន៍ចំណុះទាំង៣ ។
ក្រោមការដឹកនាំបញ្ជារួម របស់ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ដោយអនុវត្តតាមបទបញ្ជាប្រធានអនុគណៈកម្មការចំពោះកិច្ចការក្រសួងការពារជាតិ អគ្គបញ្ជាការ និងបទបញ្ជា មេបញ្ជាការកងទ័ពជើងគោក បានប្រគល់ភារកិច្ចឲ្យក្រុមគ្រូពេទ្យចល័ត កងពលធំអន្តរាគមន៍លេខ៣ និងក្រុមគ្រូពេទ្យចល័ត កងពលតូចអន្តរាគមន៍ចំណុះទាំង៣ ទទួលខុសត្រូវក្នុងភូមិសាស្ត្រក្នុងស្រុកចំនួន៤ នៃខេត្តសៀមរាប។ ការចាក់ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ម្ជុលទី២ នាពេលនេះ បានបញ្ចប់ប្រកបដោយការទទួលខុសត្រូវខ្ពស់ ។
ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានបន្តទៀតថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋទាំង៤ស្រុកសម្រាប់ម្ជុលទី២នេះត្រូវបានបញ្ចប់ តែត្រៀមដើម្បីចាប់ផ្តើមដំណើរការចាក់បន្តរ នូវជំហានទី២ ម្ជុលទី១បន្ត ដែលនឹងចាក់ចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ។
លោកមេបញ្ជាការ បានបន្តថា ការចាក់វ៉ាក់សាំងបានដំណើរការទៅដោយរលូន ដោយមានការសហការល្អរវាងក្រុមការងារ និងអជ្ញាធរដែនដីភូមិ ឃុំ នៃស្រុកទាំង៤ ព្រមទាំងការចូលរួម និងការយល់ដឹងរបស់ប្រជាពលរដ្ឋ អំពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ថាពិតជាមានសារៈសំខាន់ណាស់ចំពោះខ្លួនយើង ក្រុមគ្រួសារ និងសង្គមជាតិយើង ដើម្បីចាកផុតពីមេរោគរាតត្បាតដ៏កាចសាហាវនេះ ។
នៅក្នុងឱកាសនោះ ប្រជាពលរដ្ឋទាំងអស់បានសំដែងក្តីសប្បាយរីករាយយ៉ាងខ្លាំង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រមុខដឹកនាំដ៏ឈ្លៀសវៃ នៅក្នុងកាលៈទេសៈដ៏លំបាកនេះ សម្ដេចបានស្វះស្វែងរកជំនួយវ៉ាក់សាំង និងទិញវ៉ាក់សាំងមកចាក់ជូនកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល និងប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត ដោយឥតគិតថ្លៃ៕