ស្ទឹងត្រែងៈរដ្ឋបាលខេត្តស្ទឹងត្រែងកាលពីវេលាម៉ោង១៩និង៤៥នាទីព្រលប់ថ្ងៃទី១៧សីហា២០២១បានចេញសេចក្តីសម្រេចស្តីពីការបិទខ្ទប់ជាបណ្តោះអាសន្ន ភូមិសាស្រ្ត «ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង» ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ក្នុងសហគមន៍ នៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta)។
រដ្ឋបាលខេត្តបានបញ្ជាក់ថាការបិទខ្ទប់នេះមានរយៈពេល៧ថ្ងៃដោយគិតចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២៤សីហា២០២១ ពីភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ អាចត្រូវបានបែងចែកជា «តំបន់ក្រហម ,តំបន់លឿងទុំ និងតំបន់លឿង» អាស្រ័យតាមកម្រិត នៃការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានជាត់ស្តែង។ “តំបន់ក្រហម” សំដៅលើភូមិសាស្ត្រ ដែលមានការឆ្លងរាលដាលកម្រិតធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ,”តំបន់លឿងទុំ” សំដៅលើភូមិសាស្ត្រ ដែលមានការឆ្លងរាលដាលកម្រិតមធ្យម នៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ និង “តំបន់លឿង” សំដៅលើភូមិសាស្ត្រ ដែលមានការឆ្លងរាលដាលកម្រិតស្រាល នៃជំងឺកូវីដ-១៩។
ការកំណត់ភូមិសាស្ត្រណាមួយក្នុងតំបន់បន់បិទខ្ទប់ ជា “តំបន់ក្រហម” ,”តំបន់លឿងទុំ” និង”តំបន់លឿង” ត្រូវធ្វើឡើងដោយសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តស្ទឹងត្រែង។
ចំពោះភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ ត្រូវអនុវត្តវិធានការហាមឃាត់ រឹតត្បិត ជាអាទិ៍ ទាក់ទងនឹងការធ្វើដំណើរក្នុងភូមិសាស្ត្របិទខ្ទប់ និងការធ្វើដំណើរចេញ-ចូល ឆ្លងកាត់ភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់ ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស សកម្មភាពការងារ មុខរបរ ឬអាជីវកម្ម និងបម្រាមគោចរ អនុលោមតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងវិធានការនានា នៅជាធរមាន។
គួរបញ្ចាក់ថាគិតត្រឹមល្ងាចថ្ងៃទី១៧សីហា២០២១នេះអ្នកឆ្លងមេរោគកូវិដ១៩មានចំនួន៧៦៥នាក់ស្រី ៣៧៤នាក់ក្នុងនោះមានប្រភេទDelta ៩នាក់ ស្រី៦នាក់ អ្នកជាសះស្បើយ៤៩៥នាក់ស្រី២២១នាក់ អ្នកកំពុងសម្រាកព្យាបាល២៦៤នាក់ស្រី១៥១នាក់និងមានអ្នកស្លាប់ចំនួន៦នាក់ស្រី២នាក់ផងដែរ៕ដោយ៖ ឡុង កាន់សំនៀង