ដោយៈសេង ពិសិដ្ឋ
ព្រះវិហារ៖ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានធ្វើការកោតសរសើរដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងយោធិនទាំងអស់ក្នុងទីបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ រួមនិងថ្នាក់ដឹកនាំ នៃកងពលតូចចំណុះទាំង៣ ដែលបានប្តេជ្ញាចិត្តខ្ពស់ក្នុងការខិតខំពុះពារជម្នះ នូវរាល់ឧបសគ្គរហូតសម្រេចបាននូវស្នាដៃ និងសមិទ្ធិផលគួរឱ្យកត់សម្គាល់ ដោយបានអនុវត្តតាមតួនាទី និងភារកិច្ចរបស់ខ្លួនស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងនោះកម្លាំងបានពង្រឹងខឿនការពារជាតិ ម្ចាស់ការក្នុងការបំពេញភារកិច្ចស្នូលរបស់ខ្លួនមានដូចជា ការងារការពារព្រំដែន ការងារហ្វឹកហ្វឺន អប់រំចិត្តសាស្ត្រ បំប៉នមុខជំនាញ ការចូលរួមលើកិច្ចការស្តារ និងអភិវឌ្ឍន៍ជាតិ ព្រមទាំងចូលរួមសហការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងជួយសង្គ្រោះប្រជាពលរដ្ឋក្នុងហេតុការណ៍គ្រោះមហន្តរាយផ្សេងៗ និងពង្រឹងដល់យោធិននិងគ្រួសារ ជាពិសេសក្នុងការការពារ ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ អនុវត្តអោយបាន នូវ ៣ការពារ ៣កុំ ធានាថែរក្សានូវសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍជូនជាតិ មាតុភូមិ និងប្រជាជន។ សមិទ្ធិផល និងស្នាដៃដែលយើងទាំងអស់គ្នាប្រឹងប្រែងសម្រេចបាននេះ កើតឡើងក្រោមការដឹកនាំចង្អុលបង្ហាញដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា រួមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានកងទ័ពជើងគោក ក៏ដូចជាការចូលរួមអនុវត្តតួនាទីភារកិច្ច របស់ មេបញ្ជាការ មេបញ្ជាការរង គ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ នៅក្នុងកងពលធំអន្តរាគមន៍លេខ៣ និងការជួយជ្រោមជ្រែងឧបត្ថម្ភគាំទ្រតាមបណ្តាស្ថាប័នរដ្ឋ និងអង្គភាពសម្ព័ន្ធមេត្រីភាព។
ឧត្តមសេនីយ៍ឯក ស្រី ឌឹក បានថ្លែងបែបនេះនៅក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារយោធាប្រចាំខែសីហាឆ្នាំ២០២១ និងដាក់ចេញទិសដៅបន្តការងារយោធាខែកញ្ញា ឆ្នាំ២០២១ របស់កងពលធំអន្តរាគមន៍លេខ៣ នាព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។
មេបញ្ជាការរង កងទ័ពជើងគោក បានសំណូមពរ ជម្រុញដល់មេបញ្ជាការគ្រប់កងឯកភាព និងស្ថាប័នចំណុះឲ្យបន្តកិច្ចខិតខំប្រឹងប្រែង ដោយប្រកាន់យកការសម្រេចចិត្តច្បាស់លាស់ និងប្រុងប្រយ័ត្ន និងការគិតគូរពិចារណាគ្រប់ជ្រុងជ្រោយ ក្នុងការបំពេញតួនាទី និងភារកិច្ចក្នុងនាមជាកងយោធពលខេមរភូមិន្ទ។ ការរួមមតិ និងសមត្ថភាពដឹកនាំ ដោយឈរលើស្មារតីសាមគ្គីឯកភាពគ្នា កុំឲ្យមានការបែកបាក់ផ្ទៃក្នុង គោរពអោយបាន នូវបទបញ្ជា វិន័យ សណ្តាប់ធ្នាប់ គឺជាចរឹតថ្លៃថ្នូ របស់យោធិនគ្រប់រូប ដើម្បីសម្រេចបានស្នាដៃ និងសមិទ្ធិផលកាន់តែល្អប្រសើរជូនជាតិ មាតុភូមិបន្ថែមទៀត៕