រង្វង់មូលនាគព័ន្ធក្រុងស្វាយរៀងត្រូវរថយន្តកុងតឺន័របុកខ្ទេចរាបដល់ដីតែសំណាងល្អគ្មានបង្កគ្រោះថ្នាក់ដល់មនុស្ស

ខេត្តស្វាយរៀង៖(ព័ត៌មានបឋម)នៅវេលាម៉ោងប្រមាណជា 8 និង 20 នាទីយប់ថ្ងៃទី 16 ខែសីហាឆ្នាំ 2021 មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្តកុងតឺន័រពាក់ស្លាកលេខភ្នំពេញ 3C0630 លេខកន្ទុយរឺម៉ក ភ្មំពេញ 4A1592 បើកបរមកពីទិសខាងលិចមកទិសខាងកើត នៅលើដងផ្លូវជាតិលេខ 1 លុះមកដល់ត្រង់ចំណុចខាងមុខមន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀង ស្ថិតក្នុងក្រុងស្វាយរៀង ក៏បានជ្រុលចង្កូតទៅបុករូបសំណាក់នាគព័ន្ធ ដែលមានសរសេរពាក្យស្លោកថា ខេត្តស្វាយរៀងសូមស្វាគមន៍ បណ្ដាលឲ្យខ្ទេចខ្ទីទាំងស្រុងតែម្ដង។

ទោះបីជាយ៉ាងណាក៏ដោយគេមិនទាន់ទទួលបាននូវព័ត៌មានលម្អិតពីរថយន្តបង្កខាងលើថាជារបស់ក្រុមហ៊ុនណានៅឡើយនោះទេ រហូតដល់ម៉ោង 11:00 យប់ សកម្មភាព ស្ទូចទាញឡានកុងតឺន័រដែលបង្កគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះនៅមិនទាន់រួចរាល់នៅឡើយនោះទេ។

ពលរដ្ឋនៅម្តុំកន្លែងកើតហេតុបានអោយដឹងថា៖គ្រោះថ្នាក់ចរាចរណ៍នេះ ទី1 មកពីទីកន្លែងនេះ មានសភាពងងឹត ទី 2 បណ្ដាលមកពីអ្នកបើកបររថយន្តខាងលើមិនស្គាល់ភូមិសាស្ត្រ នៃខេត្តស្វាយរៀងបានច្បាស់ ទី 3 សង្ស័យអ្នកបើករថយន្ត បង្កខាងលើបើករថយន្តបណ្ដើរលេងទូរសព្ទបណ្ដើរ ទី 4 សង្ស័យ អ្នកបើកបរ មានជាតិស្រវឹងក្នុងខ្លួន។

ដោយឡែកប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ខាងលើនេះបានលាន់មាត់តទៅទៀតថា កន្លងមកមានមនុស្សសតិមិនគ្រប់ម្នាក់ឈ្មោះ ណាង តែងតែមកដេកនៅលើរង្វង់មូល នាគព័ន្ធនេះជាប្រចាំ ប៉ុន្តែប្រហែលជាសំណាងដូចឈ្មោះយ៉ាងពិតប្រាកដមែន ថ្ងៃហ្នឹងអត់ឃើញឈ្មោះណាងនេះមកដេកកន្លែងនោះទេ! កុំអីមិនដឹងទៅជាយ៉ាងណានោះដែរ ។ ចំណែកអ្នកបើកបររថយន្តបង្កខាងលើក្រោយពីបង្កហេតុរួចក៏បានដើរចោលរថយន្តយ៉ាងរំភើយបន្សល់ទុកនូវរថយន្តបង្កហេតុនៅពីលើរូបសំណាកនាគព័ន្ធដែរជាកន្លែងកើតហេតុ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *