កណ្តាល ៖ បុរសម្នាក់ត្រូវបានប៉ូលិសប៉ុស្តិ៍តាលន់វ៉ៃខ្នោះបញ្ជូនទៅអធិការដ្ឋានប៉ូលិសស្រុងស្អាងភ្លាមៗ បន្ទាប់ពីយកដើមឫស្សីចុងស្រួចចាក់និងវាយបុរសម្នាក់ឱ្យរបួសធ្ងន់ ចោទពីបទ«ប៉ុនប៉ងឃាតកម្ម» កើតឡើងនាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១០និង៣០ នាទី នៅចំណុចភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល ។
ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ យី សុង អាយុ៧២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល រងរបួសធ្ងន់។ចំណែកជនសង្ស័យឈ្មោះ ថា រ៉ាឌី ហៅម៉ាប់ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល ។វត្ថុតាងចាប់យក ឫស្សីចំនួន១ដើមមានចុងស្រួចទំហំប៉ុនមេជើងមានប្រវែង ១.៧៦ម។ ប៉ូលិសស្រុកស្អាងបានធ្វើការយកសំណាករកមេរោគកូវីដ-១៩លើជនសង្ស័យរួចហើយ ជាលទ្ធផលអវិជ្ជមាន (-) ។
ប៉ូលិសបន្តថា ខណៈពេលជនរងគ្រោះ យី សុង កំពុងដើរតាមផ្លូវដើម្បីទៅឃ្វាលគោ ស្រាប់តែបានជួបជនសង្ស័យឈ្មោះ ថា រ៉ាឌី ,ពេលនោះជនសង្ស័យបានយកដំបងឫស្សីចុងស្រួចខាងលើចាក់ទៅលើថ្ពាល់របស់ជនរងគ្រោះ ហើយបានដកឫស្សីនោះពីថ្ពាល់ជនរងគ្រោះវិញ បណ្ដាលឱ្យជនរងគ្រោះមានរបួសដាច់សាច់ហូរឈាមយ៉ាងខ្លាំង។ រួចហើយក៏បានធ្វើសកម្មភាព យកដំបងឫស្សីដដែលវាយទៅលើជនរងគ្រោះបន្ថែមទៀត តែត្រូវបានជនរងគ្រោះលើកដៃរងបណ្ដាលឱ្យមានរបួសដៃបន្ថែមទៀត ។
ក្រោយមកជនរងគ្រោះបានព្យាយាមរត់គេចពីជនសង្ស័យ ហើយត្រូវបានប្រជាពលរដ្ឋដែលរស់នៅក្បែរនោះចេញមកជួយចាប់ជនសង្ស័យជាប់មិនឱ្យធ្វើសកម្មភាពបន្តទៀត ហើយបន្ទាប់មកជនរងគ្រោះក៏ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនិងព្យាបាលនៅឯមន្ទីរពេទ្យបង្អែកស្អាង ។
ខណៈពេលទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលតាលន់ បានចុះទៅដល់កន្លែងកើតហេតុ រួចបានធ្វើការឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាងបញ្ជូនមកអធិការដ្ឋានប៉ូលិសស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការនីតិវិធី ៕