អំណោយពីអាជ្ញាធរខេត្តព្រះវិហារ សម្រាប់ប្រើប្រាស់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ដល់កងពលតូចអន្តរាគមន៍លេខ៨

ព្រះវិហារៈ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ រួមជាមួយថ្នាក់ដឹកនាំខេត្ត ជាច្រើន រូបទៀត នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ បានប្រគល់គ្រឿងឧបភោគ បរិភោគ និងសម្ភារមួយចំនួនដល់អង្គភាពកងទ័ព កងពលតូចអន្តរាគមន៍លេខ៨ ដែលឈរ ជើងនៅ សមរភូមិទិសទី១ ប្រាសាទព្រះវិហារ សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩។

លោកអភិបាលខេត្តព្រះវិហារ បានថ្លែងថា ស្ថានជំងឺកូវីដ-១៩ កំពុងតែឆ្លងរាលដាលក្នុងសហគមន៍ ទូទាំងរាជធានីខេត្ត នៅក្នុងប្រទេសកម្ពុជាយើង។ ដោយឡែកសម្រាប់ខេត្តព្រះវិហារ ក៏មានការឆ្លងរាលដាលចង់គ្រប់ទូទាំងខេត្តផងដែរ។ សម្ភារៈនេះក្នុងទិសដៅចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ថ្ងៃនេះ អាជ្ញាធរខេត្ត បានប្រគល់គ្រឿង ឧបភោគបរិភោគ និងសម្ភារមួយចំនួន ជូនដល់កងទ័ពក្នុងអង្គភាពកងពល តូចអន្តរាគមន៍៨ សម្រាប់យកទៅប្រើប្រាស់តាមតម្រូវការចាំបាច់។

លោក ថ្លែងបន្តថា អំណោយគ្រឿងឧបភោគ បរិភោគ និងសម្ភារ ដែលប្រគល់ជូនកងទ័ព ក្នុងអង្គភាពកងពលតូចអន្តរាគមន៍លេខ៨ នាពេលនេះ គឺបានមកពីការចូលរួមឧបត្ថម្ភ ពីក្រុមហ៊ុន សប្បុរសជននិងមន្ទីរ អង្គភាពជំវិញខេត្ត ជូនរដ្ឋបាលខេត្តសម្រាប់ចែកជូនប្រើប្រាស់ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ទូទាំងខេត្ត។

លោកអភិបាលខេត្ត ក៏បានណែនាំដល់កងទ័ពត្រូវការពារខ្លួន កុំឲ្យឆ្លងជំងឺកូវីដ-១៩ ដោយបន្តអនុវត្តន៍ឲ្យបានទៀងទាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ»។

អំណោយដែលប្រគល់ជូនកងទ័ព ក្នុងអង្គភាពកងពលតូចអន្តរាគមន៍លេខ៨ នាពេលនេះរួមមាន៖ មីខ្លាឃ្មុំចំនួន២០កេស មីម៉ាម៉ា២កេសធំ ត្រីខ២កេសធំ ទឹកបរិសុទ្ធ២០កេស ទឹកក្រូចកូកាកូឡា១០កេស ស្ទីង២០កេស ម៉ាស់១០០ប្រអប់ អាក់កុល៦០លីត្រ និងប៉ៅអ៊ីបត់ចំនួន៣០ផងដែរ៕SPS

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *