ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំមន្រ្តីជំនាញ ចុះពិនិត្យមើលដំណើរនៃការស្ថាបនាផ្លូវឡើងទៅរមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ហៅភ្នំខៀវ ដែលបានស្ថាបនាចាក់បេតុងអាមេជិតរួចរាល់ហើយមានប្រវែងជាង២ពាន់ម៉ែត្រ ហើយនៅសងខាងដងផ្លូវចូលទៅក្នុងរមណីយដ្ឋាន មានការកែលម្អធ្វើសួនច្បារដាំផ្កាភ្ញីបន្ថែម និងតុបតែងផ្កាសិប្បនិម្មិតមួយចំនួន គឺរក្សាទុកតែដើមឈើហូបផ្លែធំៗ ដូចជាដើមស្វាយ ដើមសាវម៉ាវ និងដើមឈើមានតម្លៃជាដើម សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ នាពេលបញ្ចប់ការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ ខាងមុខ ។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ថា ៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា គឺបានខិតខំកសាង និងឣភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសគឺការកសាងហេដ្ឋារចនាសម័ន្ធនានាដូចជា សាលារៀន ស្ពាន ផ្លូវថ្នល់ មន្ទីរពេទ្យ ជាដើម ។
លោកជំទាវបន្តទៀតថា បច្ចុប្បន្ននេះ រដ្ឋបាលខេត្តប៉ៃលិន ក៏បានខិតខំកែលម្អរ ហេដ្ឋារចនាសម័ន្ធសាធារណ: នានាជាច្រើន ជាពិសេសឣភិវឌ្ឍន៍តំបន់រមណីយដ្ឋានទេសចរណ៍នៅក្នុងខេត្ត ឱ្យកាន់តែល្អប្រសើរឡើង ដើម្បីទាក់ទាញភ្ញៀវជាតិ និងឣន្តរជាតិចូលមកលេងកម្សាន្តនាឱកាសបុណ្យទានផ្សេងៗ ដូចជាបុណ្យចូលឆ្នាំចិន បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងរដូវភ្ជុំបិណ្ឌជាដើម ក្នុងខេត្តប៉ៃលិន ឱ្យកាន់តែច្រើនឡើង ធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែធូរធាជាងមុនថែមទៀត ។
ដើម្បីទាក់ទាញភ្ញៀវទេសចរ លោកជំទាវអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ព្រមទាំងសហការគ្នា ចុះធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំប្រជាពលរដ្ឋ ឲ្យយល់ដឹងពីតម្លៃនៃធនធានធម្មជាតិ នាំគ្នាថែរក្សាព្រៃឈើ និងសត្វព្រៃពិសេស គឺនៅតំបន់អភិរក្សនៅជុំវិញរមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវនេះតែម្តង។
សូមបញ្ជាក់ផងដែរថា រមណីយដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ ហៅភ្នំខៀវ មានចម្ងាយចេញពីផ្លូវជាតិលេខ៥៧ ប្រមាណ ៧ទៅ៨គីឡូម៉ែត្រ ស្ថិតនៅភូមិកូនខ្លុង សង្កាត់ឣូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ហើយរមណីយដ្ឋាននេះ មានទេសភាពល្អស្រស់ស្អាតជាងគេបំផុត នៅទូទាំងខេត្តប៉ៃលិន មានទឹកជ្រោះ រហូតដល់៧ជាន់ ពេលភ្ញៀវទេសចរចូលទៅងូតទឹកលេងកម្សាន្ត ធ្វើឱ្យត្រជាក់ បំបាត់ទុក្ខកង្វល់ និងមានអារម្មណ៍ស្រស់ថ្លាថែមទៀត ៕ ដោយ ៖ នីយ៉ា