ខេត្តកំពង់ធំៈ បានចេញសេចក្តីសម្រេចលេខ ១១៨/២១ សសរ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ដោយសម្រេចបិទជាបណ្តោះអាសន្ន “ផ្សារក្បាលថ្នល់”ស្ថិតក្នុងភូមិក្ដី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ចាប់ពីថ្ងៃទី១៥សីហាឆ្នាំ២០២១ តទៅ រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្រ្ដខេត្តកំពង់ធំ ។
រដ្ឋបាលខេត្តកំពង់ធំ តម្រូវឲ្យផ្អាកជាបណ្តោះអាសន្ន នូវរាល់សកម្មភាពលក់ដូរ និងចេញចូលក្នុង “ផ្សារក្បាលថ្នល់” អាជីវករគ្រប់រូបដែលប្រកបអាជីវកម្មនៅ “ផ្សារក្បាលថ្នល់” ត្រូវទៅពិនិត្យសំណាក់រកមេរោគកូវីដ-១៩ នៅសាលាបឋមសិក្សាកំពង់ធំក្រុង។ ចំពោះបុគ្គលដែលធ្លាប់ចេញចូលខាងលើ ត្រូវតាមដានសុខាភាពខ្លួនឯងជាប្រចាំ បើមានរោគសញ្ញាសង្ស័យ ត្រូវប្រញាប់ទាក់ទងមកអាជ្ញាធរ ឬមណ្ឌលសុខភាពដែលនៅកៀកបំផុត ដើម្បីពិនិត្យសំណាករកមេរោគកូវីដ-១៩។