ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសម្ភពមួយខ្នងនិងសមិទ្ធផលផ្សេងៗ មានតម្លៃជាង 10ម៉ឺនដុល្លារ នៅមណ្ឌលសុខភាពបាវិត

ខេត្តស្វាយរៀង៖លោកបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង តំណាងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ច នារសៀលថ្ងៃទី13 ខែសីហា ឆ្នាំ2021 នេះ បានអញ្ជើញជាអធិបតីនៅក្នុងពិធីប្រគល់ទទួល អគារសម្ភព មួយខ្នង មាន 4បន្ទប់ ក្លោងទ្វារ របងថ្មព័ទ្ធជុំវិញ រួមនិងរថយន្តសង្រ្គោះមួយគ្រឿង ដែលជាអំណោយរបស់សប្បុរសជននានា នៅក្រុងបាវិត ខេត្តស្វាយរៀង។លោកស្រី សៀន គន្ធា ប្រធានស្ដីទីមណ្ឌលសុខភាពបាវិត បានឲ្យដឹងថា កន្លងមកមណ្ឌលសុខភាពបាវិត មានអាគារដែលអាចប្រើប្រាស់បានចំនួនមួយហើយខ្វះរបងរឹងមាំ ព្រមទាំងគ្មានរថយន្តសង្គ្រោះបន្ទាន់ដើម្បីប្រើប្រាស់ក្នុងករណីចាំបាច់នោះទេ ។ជាក់ស្ដែងមណ្ឌលសុខភាពបាវិតបច្ចុប្បន្ន កំពុងផ្តល់សេវាពិនិត្យផ្ទៃពោះ សេវាចាក់ថ្នាំបង្ការ សេវាពិគ្រោះជំងឺក្រៅ សេវារំលូត សេវាព្យាបាលជំងឺរបេង សេវាពន្យារកំណើត សេវាវះកាត់តូចជាដើម ជាពិសេសគឺសេវាសម្រាលកូន គឺនៅលើអាគារតែមួយ ដោយការសម្រាលកូនថ្ងៃខ្លះរហូតដល់ចំនួន 5នាក់ ធ្វើឲ្យខ្វះកន្លែង និងគ្មានបន្ទប់គ្រប់គ្រាន់ឱ្យពួកគាត់សម្រាក រួមទាំងការបម្រើសេវាផ្សេងៗទៀត មានសភាពចង្អៀត ហេតុនេះទើបលោកស្រី សៀន គន្ធា ព្យាយាមអំពាវនាវការសុំជំនួយពីសំណាក់សប្បុរសជន ។

លោកស្រីបានមានប្រសាសន៍ឲ្យដឹងថា សប្បុរសជននៅក្នុងក្រុងបាវិតបានជួយកសាងក្លោងទ្វារ របងថ្មព័ទ្ធជុំវិញ អាគារសម្ភព 1ខ្នង មាន 4 បន្ទប់ មានបំពាក់សម្ភារៈបរិក្ខារពេទ្យ និងរថយន្តសង្គ្រោះមួយគ្រឿង ដោយចំណាយថវិកាសរុប 113,850 ដុល្លារសហរដ្ឋអាមេរិក ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋ នៅក្រុងបាវិត។

ក្នុងឱកាសនោះលោកបណ្ឌិត កែរ រដ្ឋា បាននាំមកនូវបណ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងរាស្ត្រមណ្ឌលស្វាយរៀង ជូនចំពោះក្រុមគ្រូពេទ្យ បងប្អូនប្រជាពលរដ្ឋជាសប្បុរសជនទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះផងដែរ។លោកប្រធានមន្ទីរសុខាភិបាលខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលមានទឹកចិត្តជ្រះថ្លា បានគៀងគគ្នា ទាំងកម្លាំងកាយកម្លាំងចិត្ត រួមនិងថវិការហូតសម្រេចបាននូវសមិទ្ធផលនានា សម្រាប់បម្រើឲ្យវិស័យសុខាភិបាលនៅមណ្ឌលសុខភាពបាវិត។

លោកបណ្ឌិត កែរ រដ្ឋា បានកោតសរសើរ ចំពោះលោកស្រីប្រធានស្ដីទីមណ្ឌលសុខភាពបាវិត ដែលនាពេលកន្លងមក បានខិតខំបម្រើការងារបានយ៉ាងល្អនៅក្នុងអង្គភាព ជាពិសេសគឺការបម្រើសេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋនៅក្រុងបាវិតនេះ។ ជាងនេះទៅទៀត គឺលោកស្រី បានគៀងគររកសប្បុរសជនទាំងក្នុងប្រទេស និងក្រៅប្រទេស រហូតសម្រេចបាននូវសមិទ្ធផលនានាជាច្រើននៅមណ្ឌលសុខភាពបាវិត។

លោកប្រធានមន្ទីរសុខាភិបាល បានមានប្រសាសន៍សង្កត់ធ្ងន់ថា ស្ថិតក្នុងបរិបទ ជំងឺកូវីដ-19 យើងទាំងអស់គ្នាត្រូវគោរពទៅតាមវិធានការសុខាភិបាល បីការពារ បីកុំ ពីរចូលរួម ដើម្បីកុំឲ្យឆ្លងជំងឺកូវីដ-19 ចូលដល់សហគមន៍ និងគ្រួសារ ព្រមទាំងខ្លួនយើងផ្ទាល់។

You might like

Leave a Reply

Your email address will not be published. Required fields are marked *