ត្បូងឃ្មុំ : ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ អមដំណើរដោយ មន្ត្រី ពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ នេះ បានអញ្ជេីញចុះពិនិត្យប្រព័ន្ធធារាសាស្ត្រ២កន្លែង ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល និងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនពលរដ្ឋក្នុងស្រុកក្រូចឆ្មារ ។ ដែលប្រព័ន្ធធារាសាស្ត្រ២ទីតាំង ក្នុងស្រុកក្រូចឆ្មារ រួមមានបឹងកន្តេរ និង ទំនប់ស្ទាក់ទឹកព្រែកតាកុច ជាទីតាំងប្រភពទឹកយ៉ាងសំខាន់នារដូវប្រាំង សម្រាប់ស្តុកទឹក និងបង្ហូរទឹកប្រើប្រាស់ និងបង្កបង្កើនផលរបស់ប្រជាកសិករ ស្ថិតក្នុងស្រុកក្រូចឆ្មារ ។
ឯកឧត្តម ជាម ច័ន្ទ សោភ័ណ អភិបាលខេត្ត ត្បូងឃ្មុំ បានណែនាំដល់អាជ្ញាធរ និងមន្ត្រីជំនាញត្រូវសហការគ្នា ធ្វើយ៉ាងណាធានាទឹកឲ្យមានគ្រប់គ្រាន់ ចេញពីទីតាំងប្រភពទឹកទាំង២ខាងលើ សម្រាប់ស្តុកទុកប្រើប្រាស់ និងបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ ពិសេសនារដូវប្រាំង ខណៈឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំធានារាល់ការចំណាយទាំងអស់ ក្នុងការសាងសង់ និងជួសជុលទីតាំងទាំង២នេះ។ជាមួយគ្នា នោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានដឹកនាំ មន្ត្រី ពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បន្តចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធសុខាភិបាលក្នុងស្រុកក្រូចឆ្មារ ចំនួន០៣ទីតាំង រួមមាន៖ ១.ពិនិត្យទីតាំងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក្នុងឃុំក្រូចឆ្មារ ។ ២.ពិនិត្យការដ្ឋានសាងសង់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ក្នុងឃុំក្រូចឆ្មារ
។ ៣.ពិនិត្យមណ្ឌលចត្តាឡីស័ក ក្នុងវិទ្យាល័យកំពង់ទ្រាស ឃុំកំពង់ទ្រា ស ៕