តំបន់ប្រតិបត្តការសឹករងព្រះវិហារ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដូសទី៣ ជូនដល់កងកម្លាំងទីបញ្ជាការជួរមុខទិសយោធភូមិភាគទី៤

ព្រះវិហារៈ  នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភក្រ្តា មេបញ្ជាការតំបន់ប្រតិបត្តការសឹករងព្រះវិហារ បានអញ្ជើញជាអធិបតី បើកដំណើរការ យុទ្ធនាការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ) ប្រភេទ( អាស្ត្រាហ្សេនីកា)   ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់កងកម្លាំងទីបញ្ជាការ ទិសយោធភូមិភាគទី ៤ ដែលបំពេញភារកិច្ច ជួរមុខតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឡាវ ដើម្បីប្រឆាំងនឹងការវាយ ប្រហារពីវីរុសកូវីដ~១៩ បំលែងថ្មី ប្រភេទដែលតា(Delta) ដែលកំពុងផ្ទុះខ្លាំងពីប្រទេសថៃ។ យុទ្ធនាការនេះធ្វើឡើងនៅទីបញ្ជាការតំបន់ប្រតិបត្តការសឹករងព្រះវិហារ ។ លោកឧត្តមសេនីយ៍ទោ មេបញ្ជាការ បានមានប្រសាសន៍លើកឡើងថា៖ វ៉ាក់សាំង ដែលចាក់ជូនបងប្អូនមន្ត្រីរាជការកងកម្លាំង គ្រួសារទ័ពជួរមុខដូសទី៣ នាពេលនេះ គឺជាការផ្តល់ជូនដ៏ពិសិទ្ធ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលសម្តេចបានខិតខំគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំង និងបានដាក់ចេញវិធានការ សម្រាប់ចាក់ជូនមន្ត្រីរាជការ ប្រជាពលរដ្ឋរបស់យើងឲ្យបានគ្រប់ៗគ្នា ។ លោកបានបន្តថា៖ ក្នុងនាមខ្ញុំបាទជាមេបញ្ជាការ ជំនួសមុខឱ្យ នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងទីបញ្ជាការតំបន់សឹក សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចជាកាល សម្តេចតែងតែរួមសុខ រួមទុក្ខ ជាមួយមន្ត្រីរាជការកងកម្លាំង ក្រោមឱវាទ ដែលបំពេញភារកិច្ចនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឡាវនិងប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ដើម្បីឱ្យរួចផុតពីជំងឺកូវីដ-១៩ នេះផងដែរ៕(ដោយ សេង ពិសិដ្ឋ)

 

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *