បន្ទាយមានជ័យ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អនុប្រធានគណៈប្រតិបត្តិនៃគណៈកម្មការ អន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-19 ទទួលបន្ទុកអនុគណៈកម្មការបច្ចេកទេស និងព្យាបាល រួមនឹងប្រតិភូអមដំណើរ នៅរសៀលថ្ងៃទី10 ខែសីហា ឆ្នាំ2021នេះ បានអញ្ជើញចុះពិនិត្យមើលក្រុមការងារជាង កំពុងសាងសង់មណ្ឌលព្យាបាលអ្នកជំងឺកូវីដ-19 កម្រិតស្រាល ចំនួន2ទីតាំង ដែលទីតាំងមួយនៅក្នុងក្រុងសិរីសោភ័ណ និងទីតាំងទី2 នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលត្រៀមបំរុងសម្រាប់ទទួលបងប្អូនពលករដែលវិលត្រលប់ពីប្រទេសថៃដែលមានវិជ្ជមានកូវីដ-19។
នាឱកាសនោះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏ជម្រុញដល់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាក្រុមការងារសាងសង់ ត្រូវពន្លឿនដំណើរការសាងសង់ឲ្យបានឆាប់រួចរាល់ ដើម្បីដាក់ដំណើរការព្យាបាលជូនអ្នកជំងឺកូវីដ-19។ ទន្ទឹមនោះឯកឧត្តម ក៏បានថ្លែងការកោតសរសើរចំពោះថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការកងកម្លាំង ដែលបានខិតខំយ៉ាងសស្រាក់សស្រាំក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺនឹងកូវីដ-19 ដែលយើងត្រូវតែរួបរួមគ្នាដើម្បីទប់ស្កាត់ឲ្យបាននូវការឆ្លងរាលដាល ចូលក្នុងសហគមន៍ ពិសេសប្រភេទបំប្លែងថ្មី ទំរង់Delta ដែលវាមានលទ្ធភាពចម្លងលឿន នឹងគ្រោះថ្នាក់ធ្ងន់ធ្ងរបើសិនយើងព្យាបាលមិនបានទាន់ពេលវេលា។
ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក៏បានបញ្ជាក់ថា៖ រហូតមកទល់ពេលនេះខេត្តបន្ទាយមានជ័យបានរៀបចំមណ្ឌល ចត្តាឡីស័ក មានរហូតទៅដល់19ទីតាំង ដែលពលករកំពុងស្នាក់នៅ ធ្វើចត្តាឡីស័កមានប្រមាណ 3 900នាក់ នឹងត្រៀមសម្រាប់បងប្អូនពលករដែលនឹងវិលត្រលប់មកកម្ពុជាវិញ បន្ទាប់ពីមានការបើកព្រំដែនវិញនៅពេលខាងមុខផងដែរ។ ខេត្តក៏មានមណ្ឌលព្យាបាល ចំនួន15ទីតាំង ដែលអាចទទួលបានអ្នកជំងឺបានប្រមាណ 5 000នាក់។ រហូតមកទល់ពេលនេះមានអ្នកជំងឺជាពលករ អ្នកជំងឺក្នុងសហគមន៍មានចំនួនប្រមាណ 3 800នាក់ ដែលកំពុងសម្រាកព្យាបាលនៅក្នុងខេត្ត។ ជាមួយគ្នានោះខេត្តក៏បានរៀបចំកន្លែងមណ្ឌលព្យាបាលធំចំនួន2កន្លែងទៀត ដែលក្នុងមួយទីតាំងមានចំនួន 3,000គ្រែ ទាំង2ទីតាំងមាន 6 000គ្រែ ដែលទទួលអ្នកជំងឺបាន 6 000នាក់៕ (សៅនៅ)