អភិបាលខេត្តស្វាយរៀង បើកយុទ្ធនាការចាក់វ៉ាក់សាំបង្ការជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យចាប់ពីអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ

(ស្វាយរៀង)៖នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង  បានអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំបង្ការជំងឺកូវីដ១៩ សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ នាសាលាបឋមសិក្សាព្រះសីហនុក្រុងស្វាយរៀង។

អញ្ជើញចូលរួមក្នុងឱកាសនោះមាន លោកអភិបាលរងខេត្ត  លោកប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត លោកអភិបាល អភិបាលរងក្រុង លោកមេភូមិ ចៅសង្កាត់ យុវជនស.ស.យ.ក ក្រុមគ្រូពេទ្យ សាមណេ  ប្រជាពលរដ្ឋ ប្អូនៗក្មួយៗ  និងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀត។

លោក ម៉ែន វិបុល អភិបាលខេត្តបានមានប្រសាសន៍ថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលបានប្រព្រឹត្តិទៅនៅថ្ងៃនេះ គឺជាការគិតគូដោយយកចិត្តទុកដាក់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់ក្មួយៗ ដើម្បីឱ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ និងអង់ទីគ័រការពារប្រឆាំងនឹងជំងឺឆ្លងរាតត្បាតជំងឺកូវីដ១៩ ជាពិសេសវ៉ាក់សាំងនេះអាចជួយកាត់បន្ថយការឆ្លងរាលដាលបានមួយផ្នែកធំ ទោះបីវាមានការឆ្លង ក៏អ្នកជំងឺមិនធ្ងន់ធ្ងរ ដល់អាយុជីវិតនោះឡើយ។

លោកបានបន្តទៀតថា៖ការចាក់វ៉ាក់សាំង នៅក្នុងខេត្តស្វាយរៀង សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដែលរដ្ឋបាលខេត្តបានរៀបចំ និងចាប់ផ្តើមចាក់ចាប់ពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ តាមពេលវេលា និងទីតាំងដូចខាងក្រោម ពេលព្រឹកពីម៉ោង៧៖៣០ ដល់ម៉ោង១១៖៣០នាទី ពេលរសៀលពីម៉ោង១រសៀល ដល់ម៉ោង៤រសៀល រួមមាន៖

*ទី១៖ ក្រុងស្វាយរៀង នៅសាលាបឋសិក្សាព្រះសីហនុ។

*ទី២៖ ក្រុងបាវិត នៅមន្ទីរពេទ្យបង្អែកជីភូ

*ទី៣៖ ស្រុកកំពង់រោទិ៍ នៅមណ្ឌលសុខភាពញរ

*ទី៤៖ ស្រុកស្វាយទាប នៅសាលាបឋមសិក្សាសាមគ្គី

*ទី៥៖ ស្រុករំដួល នៅសាលាបឋមសិក្សាកូវសាមុត កំពង់ចក។

*ទី៦៖ ស្រុកចន្ទ្រា នៅមណ្ឌលសុខភាព មេសថ្ងក

*ទី៧៖ ស្រុកស្វាយជ្រំ នៅសាលាបឋមសិក្សារកា, សាលាបឋមសិក្សាស្វាយជ្រំ, សាលាបឋមសិក្សាឈូកមាស, អនុវិទ្យាល័យ ស្វាយផ្អែម,សាលាបឋមសិក្សាគ្រួស,វត្តទួលសាមគ្គីឧត្តម។

*និងទី៨៖ ស្រុករមាសហែក នៅសាលាបឋមសិក្សាព្រៃស្វាយ, សាលាបឋមសិក្សាអណ្តូងពោធិ៍, សាលាបឋមសក្សាស្វាយទន្ទឹម, សាលាបឋមសិក្សាដូង, សាលាបឋមសិក្សាជីកដី, សាលាបឋមសិក្សាក្រសាំង។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋដែលនាំកូនមកទទួលការចាក់វ៉ាក់សាំង ត្រូវមកតាមការកំណត់របស់អាជ្ញាធរជៀសវាងមកប្រជ្រៀតគ្នាធ្វើឱ្យបាត់សណ្ដាប់ធ្នាប់ជាដើម ទន្ទឹមនេះ ក្រោយទទួលបានវ៉ាក់រួចក្មួយៗត្រូវតែបន្តប្រកាន់ភ្ជាប់នូវការណែនាំរបស់ក្រសួងសុខាភិបាលនិងវិធានការ «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាលឱ្យបានខ្ជាប់ខ្ជួន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *