ខេត្តពោធិសាត់:នៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១នេះ វ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រភេទ AstraZeneca ចំនួន ៧,៥២០ដូសត្រូវបានដឹកមកដល់ខេត្តពោធិ៍សាត់ដើម្បីត្រៀមរៀបចំដំណើរការចាក់ សម្រាប់ដូសទី៣ ដែលជាដូសជំរុញ នៅព្រឹកថ្ងៃទី៨ ខែសីហាស្អែកនេះហើយដើម្បីជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្រុមគ្រូពេទ្យ ជួរមុខ ដែលប្រឈមនឹងហានិភ័យ នៃការឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី Delta ក្រោយពេលមានពលករខ្មែរជាច្រើននាក់ បានធ្វើដំណើរវិលត្រឡប់មកពីប្រទេសថៃចូលមកប្រទេសកម្ពុជាវិញតាមច្រកព្រុំដែនផ្សេងៗ ។ដោយអនុវត្តនតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលនោះ.អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌខេត្តពោធិ៍សាត់ លោក ម៉ៅធនិន បានចង្អុលបង្ហាញដល់មន្ទីរជំនាញទាំងអស់នៅក្នុងខេត្តពោធិសាត់តម្រូវអោយរៀបចំចាក់វ៉ាក់សាំង ប្រភេទ AstraZeneca ដូសទី៣ (ជាដូសជំរុញ) សម្រាប់ចាក់ជូនមន្ត្រីរាជការនិងក្រុមគ្រួពេទ្យនៅជួរមុខ នៅថ្ងៃទី០៨ សីហា២០២១ ស្អែកនេះ ហើយនិងបន្តទៅថ្ងៃបន្តបន្ទាប់ទៀត ដោយធ្វើយ៉ាងណាអនុវត្តន៍ឱ្យបានទាន់ពេលវេលា ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការការពារការរីករាលដាលឆ្លងជំងឺកូវីដ១៩ និងដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ចូលទៅក្នុងសហគមន៍ផងដែរ ។សូមបញ្ជាក់ផងដែរថាកាលពីដើមខែសីហា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ជូនដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលបានចាក់ដូសទី២រួចរាល់ ដើម្បីបង្កើតប្រព័ន្ធការពារដ៏រឹងមាំថែមទៀត នៅក្នុងខ្លួនមនុស្ស ក្នុងការទប់ទល់នឹងជំងឺកូវីដ១៩ ជាពិសេសឆ្លើយតបនឹងវត្តមានមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី ប្រភេទDelta ដែលកំពុងតែរីករាលដាលនៅក្នុងតំបន់ ៕