បន្ទាយមានជ័យ៖ បាក់ស្រុតប្លង់សេអាគារមួយកន្លែងនៅក្រុងប៉ោយប៉ែត បណ្តាលឲ្យកម្មកររងរបួសធ្ងន់ស្រាល03នាក់ កំពុងយកទៅព្យាបាលមន្ទីរពេទ្យបង្អែកប៉ោយប៉ែត2។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង11និង30នាទី ថ្ងៃទី07 ខែសីហា ឆ្នាំ2021 នៅចំណុចមុខបុរីហ៊ុយឡេង ក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ពេលកើតហេតុ រថយន្តស៊ីម៉ង់បានបាញ់ចាក់ប្លង់សេបាន 4រថយន្តរួចហើយ តែដល់រថយន្តទី5 ស្រាប់តែបាក់ស្រុតចុះតែម្តង ទំនងបែបជំទល់ទ្របាតប្លង់សេមិនរឹងមាំ ទប់មិនជាប់ បណ្តាលឲ្យបាក់ស្រុតចុះ ធ្វើឲ្យមានកម្មករប្រុស.ស្រី រងរបួសធ្ងន់ស្រាលចំនួន03នាក់ មាន1នាក់ ភេទស្រីរងរបស់ធ្ងន់បាក់ជើងត្រូវបានយកទៅសំរាកទៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត2 ដើម្បីព្យាបាល ចំណែកកម្មករប្រុស២ទៀតរងរបួសស្រាល។ អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ម្ចាស់សំណង់អាគារមានឈ្មោះ យឹម ឆៃ អ៊ាង ជាម្ចាស់អាគារដែលកំពុងសាងសង់ ដោយមេការឈ្មោះ ឆន ដែលបំរុងធ្វើផ្ទះសំណាក់ ដែលមានទំហំ២ល្វែង ហើយអាគារទើបតែបានសាងសង់ ចាប់ផ្តើមចាក់ប្លង់សេជាន់ទី1សោះ ក៏បាក់បង្កការភ្ញាក់ផ្អើល និងបណ្តាលឲ្យមានកម្មកររងរបួសតែម្តង៕