កម្លាំងនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនក្រុមដើររាតល្បាតរើសអេតចាយបន្លំលួចចំនួន04នាក់ បញ្ជូនទៅតុលាការ

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែត តាមស្រាវជ្រាវឃាត់ខ្លួនក្រុមចោររាតល្បាតលួចទ្រព្យសម្បត្តិអ្នកភូមិពេលយប់ បានចំនួន04នាក់បញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្ត។

ជនសង្ស័យទាំង04នាក់ 1.ឈ្មោះសុខ ថេត ភេទប្រុស អាយុ36ឆ្នាំ និង2.ឈ្មោះម៉ៅ ឡុង ហៅអាឆ្កែ អាយុ18ឆ្នាំ 3.ឈ្មោះសុខ ធីភេទប្រុស និង4.ឈ្មោះស៊ុន សុខា ហៅ ហ៊ា ភេទប្រុស អាយុ26ឆ្នាំ ជនសង្ស័យទាំង04នាក់ ជាជនជាតិខ្មែរ ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ នៅថ្ងៃទី06 ខែសីហា ឆ្នាំ2021 នៅទីតាំងផ្សេងៗគ្នា នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង04នាក់ បានឲ្យដឹងថា ពួកគេបានទៅកាត់ផ្តាច់ច្រវ៉ាក់ចាក់សោរ ចេញពីម៉ូតូកង់បី រួចលួចយកកង់បីរបស់អាជីវករ ឈ្មោះ មេន មៀត ភេទប្រុស អាយុ32ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្បាលស្ពាន1 សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត នៅវេលាម៉ោងជាង10យប់ ថ្ងៃទី05 ខែសីហា ឆ្នាំ2021ពិតប្រាកដមែន។

លោកអធិការបន្ថែមថា បន្ទាប់ពីលួចបានកង់បីហើយ ក្រុមនេះបាន ជិៈម៉ូតូកង់បីដែលខ្លួនលួចបានយកទៅលួចដែកអ្នកភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតបន្តទៀតលក់បានលុយ 90,000រៀល រួចយកកង់បីទៅទុកក្នុងកំពោតព្រៃជិតវត្តអូរនាង ដើម្បីដោះបំបែកចេញពីម៉ូតូចេញពីរ៉ឺម៉ក បម្រុងលក់ តែត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវចុះបង្ក្រាបបានទាន់ពេលវេលា។

ជនសង្ស័យទាំង04នាក់ ខាងលើ ធ្វើតេស្តរកមេរោគខូវីដ-19 អវិជ្ជាមាន តែតេស្តរកសារធាតុញៀនឃើញថា ក្រុមនេះមានសារធាតុញៀននៅជាប់ខ្លួន។ នៅព្រឹកថ្ងៃទី17ខែ សីហា ឆ្នាំ2021នេះ ជនសង្ស័យត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញនៃស្នងការខេត្តចាត់ការបញ្ជូនបន្តទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *